សម្តេចតេជោ ហ៊ុន សែន៖ មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា និងថា សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរឱ្យសោះ
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត២ពាន់នាក់ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា មិនអត់ឱនឱ្យអ្នកណា ដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា នោះឡើយ ទោះបីក្នុងតម្លៃណាក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឆ្នាំនេះ ជាខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលបាននាំមកនូវឯកភាពជាតិ និងឯកភាពទឹកដី ។

សម្តេចតេជោ សង្ឃឹមថា មិនមានអ្នកដុតកំឡោចប្រទេសកម្ពុជាជាថ្មីម្តងទៀត តាមរយៈការជួយគាំទ្រដល់ក្រុមបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញកម្ពុជានោះឡើយ។ សម្តេចក៏បានផ្តាំផ្ញើទៅបរទេសមួយចំនួនថា សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរឱ្យសោះ នៅពេលដែលខ្មែរស្លាប់នៅក្នុងជំនាន់ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បរទេសបានរត់ចោលយើងទុកឱ្យកម្ពុជាលំបាកវេទនា។

សម្តេច នាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅពេលដែលខ្មែររកបាននូវសន្តិភាពហើយ ទើបបរទេសទាំងឡាយ គេបង្ហាញកង្វល់ជំនួសកម្ពុជាលើបញ្ហានេះ បញ្ហានោះ ជំនួសកម្ពុជាទៅវិញ ដោយពួកគេមិនដែលបានខ្វល់គិតគូរពីបញ្ហាសន្តិភាព និងសង្រ្គាមនៅកម្ពុជានោះឡើយ។ ជាថ្មីម្តងទៀត សុំបរទេសទាំងឡាយ កុំសាងកំហុសលើកទី២ដាក់កម្ពុជាឱ្យសោះ។ សម្តេច ថា ប្រទេសទាំងឡាយដែលគាំទ្ររដ្ឋប្រហាររបស់ លន់ នល់ នៅឆ្នាំ១៩៧០ សុទ្ធតែចូលរួមចំណែកដុតកំឡោចកម្ពុជា ដោយបង្កើតឱ្យមានសង្រ្គាមឆាបឆេះនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ បែរជាទៅគាំទ្ររដ្ឋប្រហារយោធា ទម្លាប់សម្តេចព្រះនរោត្តម សីហនុ ដែលបង្ករជាសង្រ្គាមឆាបឆេះនៅក្នុងប្រទេសកម្ពុជាយើង សម្លាប់ជីវិតប្រជាពលរដ្ឋយ៉ាងច្រើន។ហើយមិនត្រឹមតែគាំទ្ររដ្ឋប្រហារ លន់ នល់ នោះទេ ពួកគេថែមទាំងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ