តៃវ៉ាន់ព្រមានថា យោធាចិនបានរុលចូលមកកៀកក្បែរនឹងកោះតៃវ៉ាន់ហើយ
តៃប៉ិ៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក ឆៀវ គួឆឹង (Chiu Kuo-cheng) កាលពីថ្ងៃទី០៦ ខែមីនា បានព្រមានថា កោះនេះត្រូវតែមានការប្រុង ប្រយ័ត្ន ខ្ពស់ទៅលើយោធារបស់ចិនដែលអាចនឹងរុលចូលមកកៀកក្បែរព្រំដែនភ្លាមៗ ចំពេលដែលភាពតានតឹងផ្នែកយោធាកំពុងឡើងកម្ដៅខ្លាំង នៅទូទាំង ច្រកសមុទ្រតៃវ៉ាន់។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បាន បង្កើនសកម្មភាពយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ រួមទាំងប្រើយន្តហោះ ចម្បាំងហោះចូលដែនអាកាសតៃវ៉ាន់ស្ទើរតែរាល់ថ្ងៃ និងពេលខ្លះទៀត នាវាចិនបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះមួយនេះជាញឹកញាប់ទៀតផង។
ទោះយ៉ាងណា តៃវ៉ាន់មិនបានរាយការណ៍ពីឧប្បត្តិហេតុណាមួយបង្ក ឡើង ដោយ កងកម្លាំងចិនដែលចូលមកក្នុងតំបន់សមុទ្រតភ្ជាប់ (Contiguous zone) របស់ខ្លួន ដែលមានចម្ងាយប្រមាណ ៤៤,៤ គីឡូម៉ែត្រពីឆ្នេរ សមុទ្រ តៃវ៉ាន់នោះទេ។ ជាបទពិសោធ តៃវ៉ាន់ធ្លាប់បានបាញ់ទម្លាក់យន្តហោះគ្មាន មនុស្សបើកស៊ីវិលមួយដែលបានហោះចូលដែនអាកាសរបស់ខ្លួន ស្ថិតនៅ ជិត កោះតូចមួយនៅឯឆ្នេរសមុទ្រចិនកាលពីឆ្នាំមុន។
ជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា លោក ឆៀវ បានលើក ឡើងថាកងទ័ពរំដោះប្រជាជនចិន (PLA) អាចនឹងរកលេសដើម្បីចូលទៅ កាន់តំបន់ជិតដែនអាកាស និងដែនសមុទ្ររបស់កោះតៃវ៉ាន់ នៅពេលដែល តៃវ៉ាន់បង្កើនការផ្លាស់ប្តូរយោធា ក៏ដូចជាការធ្វើសមយុទ្ធជាមួយសហរដ្ឋ អាមេរិក ដែលការណ៍នេះដែរ បានធ្វើឱ្យទីក្រុងប៉េកាំងសម្ដែងការមិន ពេញ ចិត្ត និងខឹងសម្បារជាខ្លាំង។
លោកបានថ្លែងថា កងទ័ពចិនអាចនឹងធ្វើការរុលចូលភ្លាមៗទៅក្នុងតំបន់ សមុទ្រតភ្ជាប់របស់តៃវ៉ាន់ និងចូលកាន់តែកៀកជិតលំហទឹកដីរបស់ខ្លួន។ លោកបានឱ្យដឹងថា វាមានចម្ងាយប្រមាណត្រឹមតែ ២២,២ គីឡូម៉ែត្រ ប៉ុណ្ណោះ ពីឆ្នេរសមុទ្រតៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិរូបនេះបានមានប្រសាសន៍ថា ៖ «ខ្ញុំហ៊ានធ្វើការលើក ឡើងបែបនេះនៅឆ្នាំនេះ ក៏ដោយសារតែពួកគេកំពុងរៀបចំត្រៀមខ្លួនរួចជា ស្រេចហើយ។ ដូច្នេះ នៅពេលខាងមុខនេះ ពួកគេអាចនឹងប្រើប្រាស់ កម្លាំងវាយប្រហារភ្លាមៗ ប្រសិនបើពួកគេគិតថាត្រូវវាយប្រហារ»។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «ទីក្រុងប៉េកាំង នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាព ទឹកដី របស់ខ្លួន» ប៉ុន្តែ តៃវ៉ាន់បានប្រកាសអំពីការប្ដេជ្ញារបស់ខ្លួនថា នឹងប្រើ សិទ្ធិ ការពារខ្លួន និងការវាយបកត្រឡប់ទៅវិញ ប្រសិនបើកងកម្លាំងប្រដាប់ អាវុធ ចិនហ៊ានវាយចូលមកក្នុងទឹកដីរបស់ខ្លួន។
សូមរម្លឹកដែរថា កាលពីឆ្នាំមុន ប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយ ធំមិនធ្លាប់មានពីមុន ពោលគឺហុំព័ទ្ធជុំវិញកោះតៃវ៉ាន់ ក្នុងគោលបំណង ប្រតិកម្មចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ប៉េឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ដដែលបានឱ្យដឹងថា ប្រទេសចិនកំពុង បង្ក បញ្ហា ដោយប្រើប្រាស់លេសយ៉ាងជាក់លាក់មួយ។ លោកបន្ថែមថា លេសរបស់ ចិនទាំងអស់នោះរួមមាន ដំណើរទស្សនកិច្ចមកកាន់កោះ មួយនេះពី សំណាក់ មន្ត្រីរដ្ឋាភិបាលបរទេសជាន់ខ្ពស់ ឬទំនាក់ទំនងយោធា របស់តៃវ៉ាន់ ជាមួយ ប្រទេសដទៃទៀត។
នៅក្នុងអង្គប្រជុំសភា នៅពេលដែលមានការសាកសួរដោយសមាជិកសភា ម្នាក់ ថាតើសហរដ្ឋអាមេរិកមានគម្រោងរក្សាគ្រឿងសព្វាវុធយោធាមួយ ចំនួន របស់ខ្លួននៅលើកោះតៃវ៉ាន់ឬក៏យ៉ាងណានោះ លោក ឆៀវ បាន តបថាការ ពិភាក្សាជុំវិញបញ្ហានេះកំពុងបន្តវិវត្តទៅមុខ ប៉ុន្តែលោកបាន បដិសេធ មិនធ្វើ អត្ថាធិប្បាយលម្អិតនោះទេ។
គួរដឹងដែរថា សហរដ្ឋអាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធអន្តរជាតិដ៏ធំបំផុតរបស់ តៃវ៉ាន់ ហើយការបន្តបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិកទៅកាន់កោះ ប្រជាធិបតេយ្យមួយនេះ បានបន្ថែមភាពតានតឹងទៅក្នុងទំនាក់ទំនង រវាង សហរដ្ឋអាមេរិក និងចិនដែលកំពុងមានភាពតានតឹងរួចស្រេចទៅ ហើយ នោះ។
លោក ឆៀវ បានបញ្ជាក់ថា ក្នុងមួយថ្ងៃៗ កងទ័ពចិនបានបញ្ជូនយន្តហោះ និងនាវាចម្បាំងប្រហែលជា ១០ គ្រឿងទៅកាន់តំបន់ក្បែរកោះតៃវ៉ាន់។ លោកបានបន្តថា យន្តហោះ ឬនាវាចម្បាំងខ្លះបានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែល ខណ្ឌ ចែកច្រកសមុទ្រតៃវ៉ាន់ទៀតផង។ ជាទូទៅ ខ្សែខណ្ឌចែកនេះ តែង តែបានដើរតួនាទីជាខ្សែបន្ទាត់យ៉ាងសំខាន់ក្នុងការការពារព្រំដែន បើទោះ បីជា វាមិនមែនជាបន្ទាត់ព្រំដែនផ្លូវការក៏ដោយ។
រដ្ឋមន្ត្រីរូបនេះក៏បានឱ្យដឹងផងដែរថា ចាប់តាំងពីប្រទេសចិនបាន បោះ បង់ ចោល កិច្ចព្រមព្រៀងមួយស្តីពីចលនាយោធានៅច្រកសមុទ្រ តៃវ៉ាន់បាន ត្រៀមលក្ខណៈរួចជាស្រេចហើយក្នុងការប្រយុទ្ធតបត ប្រសិនបើចិនហ៊ាន ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬបាឡុងហោះចូលមកក្នុងដែនអាកាស ឬទឹកដីរបស់ខ្លួន។
យ៉ាងណាមិញ ប្រទេសចិនតែងអះអាងថា កោះតៃវ៉ាន់ដែលមានរដ្ឋាភិបាល គ្រប់គ្រងដោយខ្លួនឯង ជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ ហើយក៏មិនបោះ បង់ ការប្រើកម្លាំងយោធានោះដែរ ប្រសិនបើស្ថិតក្នុងកាលៈទេសៈចាំបាច់។ ដោយឡែក តៃវ៉ាន់បានបដិសេធយ៉ាងដាច់អហង្ការចំពោះការទាមទារ អធិបតេយ្យភាពរបស់ចិនមកលើខ្លួន ដោយឆ្លើយតបថា មានតែប្រជាជន ខ្លួនទេដែលអាចសម្រេចអនាគតប្រទេសរបស់ពួកគេបាន៕
ដោយ៖ធា សុណា
ប្រភព៖ https://www.channelnewsasia.com/asia/taiwan-warns-china-military-sudden-entry-island-force-sovereignty-3327541