ក្រសួងសាធារណការ គាំទ្រវិទ្យាស្ថានកំណើនបៃតងសកល លើការសិក្សាពី សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីការគាំទ្រ ដល់ វិទ្យាស្ថានកំណើនបៃតងសកល ឬ GGGI (Global Green Growth Institute – GGGI) ដែលកំពុងសិក្សាបឋមសមិទ្ធលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្ត ក្រុងអគ្គិសនី (E-Bus) នៅក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលករណី សិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត។

នៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ៦ ខែមីនាជាមួយរដ្ឋមន្រ្តី ក្រសួង សាធារណការ និងដឹកជញ្ជូន កញ្ញា Shomi Kim តំណាង GGGI ប្រចាំកម្ពុជា បានលើកឡើងថា វិទ្យាស្ថានបាន និងកំពុងអនុវត្តលើការ សិក្សាបឋមសមិទ្ធលទ្ធភាព (Pre-feasibility Study) សេវាដឹក ជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E-Bus) ដែល ត្រូវបានបញ្ចប់ ដោយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះ គឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។

កញ្ញា Shomi បានបន្តថា ចំពោះផែនការបន្ទាប់ GGGI គ្រោងនឹងសិក្សាអំពី គម្រោងលើកកម្ពស់គុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញនិងក្រុងសៀមរាប នៃខេត្តសៀមរាបហើយគម្រោងសិក្សានេះដែរគ្រោងនឹងចាប់ផ្តើមនៅដើមខែមេសាឆ្នាំ២០២៣ខាងមុខដែលប៉ាន់ស្មានថានឹងត្រូវចំណាយរយៈពេលសិក្សាចំនួន ២ឆ្នាំ ដែលទទួលបានថវិកាជំនួយពីប្រទេសបារាំង តាមរយៈ AFD។

កញ្ញាបានបញ្ជាក់បន្ថែមដូច្នេះថា ៖ «យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និង ប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្ត ក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សា នេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សា សម្រេចបានលទ្ធផលជោគជ័យតាមការគ្រោងទុក»។

ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានបង្ហាញពីគំនិតសុទិដ្ឋិនិយមថា ក្រសួង គាំទ្រ ចំពោះ GGGI ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្ត ការ សិក្សាស្រាវជ្រាវលើទិដ្ឋភាពផ្សេងៗនៃទ្រឹស្តីកំណើនបៃតង ដើម្បីលើក កម្ពស់កំណើនសេដ្ឋកិច្ចជាតិ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកប ដោយ ចីរភាព។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយ ថាមពល អគ្គិសនី ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ៖ ក្រសួង ក្នុងនាម ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើនការ ប្រើប្រាស់ យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន ដោយបានរៀបចំទីតាំងស្ថានីយបញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យ ដំណើរ ការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបាន ច្រើន នៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា»។

នៅអំឡុងពេល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា សមាគម ដឹកជញ្ជូនអ្នកដំណើរផ្លូវគោកម្ពុជា ( CAMBA)ជាមួយ ក្រុមហ៊ុនផ្លូវ ល្បឿនលឿន កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើដល់ CAMBA ទិញរថយន្តក្រុងប្រើដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយ ការបំពុលបរិស្ថាន ដោយក្រសួងអាចនឹងជួយសម្របសម្រួលបន្ថែម ជាមួយ ខាងក្រុមហ៊ុនផ្លូវល្បឿនលឿន លើការបញ្ចុះតម្លៃនៅពេលធ្វើដំណើរតាម ផ្លូវល្បឿនលឿន ខណៈដែល ខាងសមាគម និងក្រុមហ៊ុន បានលើកឡើងថា នឹងពិភាក្សាគ្នាចំពោះការបញ្ចុះតម្លៃលើរថយន្តក្រុងប្រើដោយថាមពលអគ្គិសនី នៅពេលក្រោយ។

ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (Cambodia Automotive Industry Federation) លោក តាន់ មុនីវណ្ណ បានឱ្យដឹងដែរថា ការប្រើ ប្រាស់យានយន្តអគ្គិសនីមានទាំងគុណសម្បត្តិច្រើនជាង គុណវិបត្តិ ជា ពិសេសបើអ្នកប្រើប្រាស់ចង់ចូលរួមលើកកម្ពស់ការថែរក្សាបរិស្ថាន គួរ ប្រើប្រាស់ យានយន្តអគ្គិសនី។

លោកបានបញ្ជាក់ថា ៖ «នៅតាមបណ្តាប្រទេសអភិវឌ្ឍមួយចំនួននៅ លើពិភពលោក គេបានចាប់ផ្តើមប្រើប្រាស់ E Busនេះ រួចទៅហើយ ដើម្បីថែរក្សាបរិស្ថានប្រកបដោយចីរភាព។ ម្យ៉ាងវិញទៀតការប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ ក៏មានកំនើន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ និន្នាការនេះ នឹងមានការកើន ឡើងបន្តទៀត នៅពេលមនុស្សចាប់ផ្តើមគិតគូរពីបញ្ហាបរិស្ថាន ការប្រែប្រួល អាកាសធាតុជាដើម វាជាឱកាសល្អមួយ ដែលជំរុញឱ្យមាការប្រើប្រាស់ យានយន្តអគ្គិសនីច្រើន ព្រោះថាយានយន្តប្រភេទនេះ មានគុណសម្បត្តិ ច្រើន»។

សូមជម្រាបដែរថា បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយបញ្ចូលថាមពល យានយន្ដអគ្គិសនីចំនួន ១៣កន្លែង ក្នុងនោះស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនបួនកន្លែង ផ្សារទំនើបអ៊ីអនម៉លសែនសុខមួយកន្លែង ស្ថានីយប្រេងឥន្ធនៈតូតាល់ចំការដូង មួយកន្លែង ខេត្តបាត់ដំបង មួយកន្លែង ខេត្តសៀមរាបមួយកន្លែង ក្រុងព្រះសីហនុមួយកន្លែង ខេត្តមណ្ឌលគិរីមួយ កន្លែង និង បីកន្លែងទៀត ជារបស់ក្រុមហ៊ុន PTT ដែលដាក់ឱ្យប្រើប្រាស់ ជាផ្លូវការថ្មីៗនេះ។

សូមបញ្ជាក់ថា វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តរ រដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើក កម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុង ប្រទេស កំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។ វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើសុឆន្ទៈថា កំណើន សេដ្ឋកិច្ច និងនិរន្តរភាពនៃបរិស្ថាន មិនគ្រាន់តែជាគោលបំណង ដែល ស្របនោះទេ ការរួមបញ្ចូលនៃកោលគំនិតទាំងពីរនេះ គឺចាំបាច់ សម្រាប់អនាគតរបស់មនុស្សជាតិ៕
ដោយ៖វណ្ណ សុជាតា

ads banner