រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ៖ ការបង្កើតស្រុកថ្មី នៃខេត្តក្រចេះ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍមូលដ្ឋាន
ក្រចេះ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ បានលើក ឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតស្រុកថ្មីនេះ គឺបាន ផ្តល់ ឱកាសល្អ និងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការ អភិវឌ្ឍមូលដ្ឋាន និងការធ្វើសកម្មភាពរបស់ក្រុមការងារ គ្រប់លំដាប់ថ្នាក់ ក្នុងការផ្សារភ្ជាប់សុខទុក្ខជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីបម្រើសេវាសាធារណៈជូនប្រជាជនឱ្យបានកាន់តែល្អប្រសើរឡើង។
ឯកឧត្តម បានបន្តថា ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍ រីកចម្រើនរបស់សង្គមជាតិ គួបផ្សំជាមួយជោគជ័យ នៃចលនាជាតិ ប្រយុទ្ធ ឈ្នះកូវីដ-១៩ ក្នុងឆ្នាំ២០២២ និងឈានចូល ឆ្នាំ២០២៣ នេះ ដែលសិ្ថត ក្រោមមគ្គុទ្ទេសក៍ដឹកនាំ ប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណ ឈ្លាសវៃ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បន្តសម្រេចបានសមិទ្ធផលសង្គមជាតិដ៏ ធំធេង រួមមានជាអាទិ៍ ជោគជ័យនៃការប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គម ជាតិមកកាន់ប្រក្រតីភាព ធម្មតាឡើងវិញដូចសព្វថ្ងៃ ។ជោគជ័យដ៏ត្រចះ ត្រចង់នៃកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជោគជ័យនៃ ការពុះពារដោះស្រាយផលវិបាកសង្គម បង្កឡើងដោយកូវីដ-១៩ ក៏ដូចជា ការទប់ទល់បញ្ហាប្រឈមដទៃទៀត ដែលបង្កដោយវិបត្តិសកល នៃការ ប្រែប្រួល អាកាសធាតុ ការប្រជែងភូមិសាស្រ្តនយោបាយ និងការអូសបន្លាយ នៃសង្គ្រាមអ៊ុយក្រែន។ល។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារខេត្តក្រចេះ ថ្លែងបែបនេះកាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និង សំណេះ សំណាល ជាមួយប្រជាពលរដ្ឋក្នុងស្រុកទើបបង្កើតថ្មី អូរគ្រៀងសែនជ័យ នៅក្នុងបរិវេណសាលាបឋមសិក្សាអូរកណ្តៀរ នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែងជ័យ ខេត្តក្រចេះ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានឆ្លៀតចុះសាកសួរសុខទុក្ខប្រជាជន តាមខ្នងផ្ទះនិងបានទៅពិនិត្យទីតាំងនិងហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលបណ្តោះអាសន្ន របស់ស្រុកអូរគ្រៀងសែនជ័យ ដែលស្ថិតម្តុំជណ្តើរកាច់ ក្នុងភូមិ សាស្រ្ត ភូមិអូរគ្រៀង ឃុំអូរគ្រៀង៕ ដោយ៖ ង៉ាន ទិត្យ