សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតបូកសរុបការងារ ក្រសួងសុខាភិបាល និងដាក់ទិសដៅការងារបន្ត ឆ្នាំ២០២៣

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុប ការងារឆ្នាំចាស់ និងលើកទិសដៅ ការងារឆ្នាំ២០២៣ របស់ ក្រសួង សុខាភិបាល នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង សុខាភិបាល អភិបាល/អភិបាលរងរាជធានី-ខេត្តទាំង២៥ មន្ត្រីរាជការ សុខាភិបាល អង្គភាពថ្នាក់កណ្តាល សាលាមធ្យមសិក្សាសុខាភិបាល ភូមិភាគ មន្ទីរសុខាភិ-បាលនៃរដ្ឋបាលរាជធានី-ខេត្ត ការិយាល័យ សុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ កាកបាទក្រហមកម្ពុជា តំណាងគណៈវិជ្ជាជីវៈ សុខាភិបាល តំណាងក្រុមប្រឹក្សាឃុំ/សង្កាត់ តំណាងសមាគមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្តេចតេជោ(TYDA) សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងផ្នែកសុខាភិបាលឯកជន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន ឱ្យដឹងថា អង្គសន្និបាតបានកត់ សម្គាល់នូវវឌ្ឍនភាពក្នុងការពង្រឹង សមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព និងភាពធន់នៃប្រព័ន្ធ សុខា ភិបាល នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ក្នុងនោះ រួមមាន៖ ការប្រតិបត្តិ របស់ ប្រជាពលរដ្ឋ នូវ ច្បាប់ និងបទដ្ឋាន ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាច សា ហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរ, កិច្ចដំណើរការយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់ នៃ យន្តការស្ថាប័ន និងយន្តការពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការប្រយុទ្ធ នឹង ជំងឺ កូវីដ១៩ ការចំណាយនិងការវិនិយោគ លើការ បង្កើនសមត្ថភាពមន្ទីរពិសោធន៍ សមត្ថភាពក្នុង ការ អង្កេត តាមដាន ស្វែងរកករណីឆ្លង ឬករណីសង្ស័យ សមត្ថភាពផ្តល់ការព្យាបាល ថែទាំ ការធ្វើចត្តា ឡីស័កការជួយសម្រួលឱ្យប្រជាជនអាចរកទិញឱសថព្យា បាល ជំងឺកូវីដ១៩ និងឧបករណ៍តេស្តរ ហ័ស ក្នុងតម្លៃសមស្រប ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃជូនប្រជាជនទូទៅ រួម ទាំងជនបរទេស រស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន ចាប់ ផ្តើមនៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២១ រហូតមកដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចបានអត្រា គ្រប ដណ្តប់លើប្រជាជនគោលដៅអាយុពី ៣ឆ្នាំឡើង ជាង ៩៥ភាគរយ នៃប្រជាជនសរុប ១៦លាន នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា អង្គសន្និបាតបានកត់សម្គាល់ឃើញថា កម្រិត ប្រើប្រាស់ទូទៅ នៃសេវា ថែទាំសុខ ភាពបានចាប់ផ្តើមងើបឡើងវិញ ទាំង សេវាពិនិត្យជំងឺក្រៅ និងសេវាសម្រាក ព្យា បាលនៅក្នុងឆ្នាំ២០២២ បន្ទាប់ពី បានធ្លាក់ចុះនៅក្នុងឆ្នាំ២០២០ ជាពិសេសក្នុងឆ្នាំ២០២១។ ទោះបី ការរាត ត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យយឺតយ៉ាវដល់វឌ្ឍនភាពនៃអន្តរាគមន៍ សុខភាព ខ្លះ ៗក្តី ជារួម ស្ថាន ភាពសុខ ភាពប្រជាជនកម្ពុជា ត្រូវបានកែលម្អ ឱ្យប្រសើរ ឡើងជាលំដាប់ ដែលត្រូវបានបញ្ជាក់ ដោយវឌ្ឍនភាព នៃសូចនាករសុខភាព ចម្បងៗ ។

ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងទៀតថា អង្គសន្និបាតបានកំណត់ ទិសដៅ ការងារ ឆ្នាំ ២០២៣ និងឆ្នាំបន្ត សំដៅធានាឱ្យប្រជាជនគ្រប់រូប រស់នៅ ប្រកបដោយសុវត្ថិភាព សុខភាព និងសុខុមាលភាពល្អ ផ្តោត លើអាទិភាព៖ ទី១. កែលម្អស្ថានភាពសុខភាពប្រជាជន ឱ្យកាន់ តែប្រសើរឡើង តាមរយៈការបន្តកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយ សារជំងឺ មិនឆ្លង សុខភាពផ្លូវចិត្តនិងការបំពានគ្រឿងញៀន ជំងឺឆ្លងចម្បងៗ និងបញ្ហា សុខភាពសាធារណៈដទៃទៀត ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកែ លម្អសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារនិងក្រុមវ័យ ជំទង់ និងកង្វះ អាហារូបត្ថម្ភលើកុមារ, ទី២. ពង្រឹងភាពធន់ និងទំនើប ភាវូបនីយកម្ម ប្រព័ន្ធសុខាភិបាល ជាពិសេសប្រព័ន្ធសន្តិសុខសុខភាព និងប្រព័ន្ធផ្តល់ សេវាសុខភាពផ្អែកលើការថែទាំសុខភាពបឋម រួមទាំងចាក់ថ្នាំបង្ការជំងឺដែល អាចការពារបាន ដោយផ្តោតលើសុវត្ថិភាព និងគុណភាពសវា និងការពង្រីក ការគាំពារសុខភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្របដណ្ដប់ សុខភាព ជាសកលពង្រឹងគុណភាពបណ្តុះបណ្តាល និងការគ្រប់គ្រង ធនធានមនុស្ស លើកកម្ពស់ប្រព័ន្ធផ្គត់ផ្គង់ឱសថសម្ភារៈ បរិក្ខារពេទ្យ ឧបករណ៍ពេទ្យ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងទី៣. ពង្រឹង យន្តការ អភិបាលកិច្ចល្អ និងការងារនិយ័តកម្ម ការតាមដាននិងវាយតម្លៃ សមិទ្ធផលប្រព័ន្ធសុខាភិបាល និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner