សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់ និងគុណភាព នៃការផ្តល់សេវាសុខាភិបាល នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និង ផ្តល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យសុខាភិបាល និង គុណភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា ក្នុងនោះរួមមាន ៖
ទី១៖ ជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ន, ជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែលអាចកើតឡើងជាយថាហេតុ និងព្រឹត្តិការណ៍គ្រោះអាសន្នសុខភាពសាធារណៈ ហានិភ័យសុខភាពសាធារណៈទាក់ទងនឹងការប្រែប្រួលអាកាសធាតុ, គ្រោះមហន្តរាយ នៅតែជាការគម្រាមដល់សុខភាពសាធារណៈ។ ក្នុងបរិការណ៍នេះ ក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
ទី២៖ ការកែលម្អគុណភាពសេវាសុខាភិបាល ត្រូវធ្វើឡើងជាប្រចាំ សំដៅលើកកម្ពស់គុណភាពសេវាថែទាំសុខភាព និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជំងឺ ឬអតិថិជន ដើម្បីបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាពនៃយន្តការតាមដាន និងវាយតម្លៃគុណភាពសេវា ដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្ន។ ទន្ទឹមនេះ, ក្រសួងសុខាភិបាលត្រូវពិនិត្យ និងរៀបចំការអភិវឌ្ឍ និងការអនុវត្តយន្តការអភិបាលកិច្ចផ្នែកគ្លីនិកឱ្យបានសមស្រប ទាំងនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាថា សេវាថែទាំសុខភាពដែលបានផ្តល់ មានអនុលោមភាព ស្របតាមបទដ្ឋានស្តង់ដារដែលបានកំណត់។
ទី៣៖ ក្រសួងសុខាភិបាល ត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ក៏ដូចជា ពង្រឹងការបណ្តុះបណ្តាលលើផ្នែកសុខាភិបាល ទាំងជំនាញរឹង និងជំនាញទន់ តាមរយៈការធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាជាប្រចាំ ដើម្បីលើកកម្ពស់ក្រមសីលធម៌អាជីព ក្នុងវិស័យដ៏មានសារៈសំខាន់នេះ។ ការបញ្ចូលជំនាញទន់ក្នុងកម្មវិធីសិក្សា ជាពិសេស ក្រមសីលធម៌អាជីពនៅក្នុងវិស័យសុខាភិបាល គឺមានលក្ខណៈចាំបាច់ និងបន្ទាន់។ សម្ដេច សូមលើកទឹកចិត្តឱ្យក្រសួងសុខាភិបាល បន្ដកៀរគរបញ្ញវន្តកម្ពុជា ដែលមានសញ្ញាបត្រកម្រិតឧត្តម និងមានបទពិសោធន៍ជាក់ស្តែងក្នុងវិស័យសុខាភិបាល មកបង្រៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាល និងត្រូវបង្កើតយន្តការលើកទឹកចិត្ត ដើម្បីសម្រួចទាំងចំណេះដឹង ទ្រឹស្តី និងការអនុវត្តជាក់ស្តែង សំដៅបង្កើនប្រសិទ្ធភាពផ្តល់សេវាសុខាភិបាល។
ទី៤៖ ប្រព័ន្ធគាំពារសង្គម គឺជាឧបករណ៍គោលនយោបាយសម្រាប់ការកាត់បន្ថយភាពក្រីក្រ ឬភាពងាយរងគ្រោះ និង វិសមភាពសង្គម ព្រមទាំងការការពារមូលធនមនុស្ស និងជួយជំរុញការលូតលាស់នៃសេដ្ឋកិច្ច។ ដូច្នេះ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវបន្តលើកកម្ពស់កិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងយន្តការពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេស ត្រូវធានាថា គ្មានពលរដ្ឋណាម្នាក់ ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវា តាមរយៈការពង្រឹងយន្តការពិនិត្យតាមដាន និងវាយតម្លៃនិន្នាការនៃការប្រើប្រាស់សេវាថែទាំសុខភាព និងប្រតិបត្តិការនៃកម្មវិធីមូលនិធិសមធម៌ និងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ។
ទី៥៖ សម្ដេចលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ បង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាលសុខភាពប្រកបដោយទឹកចិត្តបរិសុទ្ធ និងគោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល។
ទី៦៖ ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងជំរុញការផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគ ដើម្បីបញ្ចៀសឱ្យបាននូវផលប៉ះពាល់នៃអាហារទាំងនោះ មកលើសុខភាពរបស់ប្រជាជន, ដោយហេតុថា អាហារមួយចំនួនអាចបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព និងអាយុជីវិតប្រជាជន ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានបញ្ជាក់ពីការអនុម័តទៅលើសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងការផ្ទេរជូនទៅវិញនូវវ៉ាក់សាំងចំនួន ១៥លានដូស ដែលមិនទាន់បានដឹកមកកាន់កម្ពុជា, ដោយសារសព្វថ្ងៃ យើងមានសល់ចំនួន ៦លានដូស ហើយចំនួនអ្នកចាក់របស់យើងក៏កាន់តែថមថយទៅ។ សម្ដេចបន្តថា ប្រសិនជាយើងទុក ១៥លានដូសនោះទៀត ក៏លំបាក ដូច្នេះយើងនឹងផ្ដល់ទៅឱ្យមិត្តចិន ដើម្បីមិត្តចិន អាចចែករំលែក ដល់ប្រទេសនានា ដែលគេកំពុងមានការខ្វះខាត ដោយយើងមិនអាចរក្សាទុកនូវវ៉ាក់សាំងនោះ ដែលនឹងអស់សុពលភាព មិនយូរប៉ុន្មាននោះ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ