ប្រមុខរាជរដ្ឋាភិបាល៖ ការបង្ហាញពីវប្បធម៌មិនបានត្រឹមត្រូវ តាម ក្បូន ខ្នាត នោះគឺវាស្មើនឹងការបំផ្លាញនូវវប្បធម៌ខ្មែរ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ថា ការបង្ហាញ វប្បធម៌ សិល្បៈខ្មែរទៅដល់ប្រជាពលរដ្ឋដែលរស់នៅបច្ចុប្បន្ន និង សម្រាប់ក្មេងជំនាន់ក្រោយ និងតៗជំនាន់គឺជារឿងល្អ ប៉ុន្តែបើការ បង្ហាញ នោះមិនបានត្រឹមត្រូវតាមក្បូនខ្នាត នោះគឺវាស្មើនឹងការបំផ្លាញ នូវវប្បធម៌ខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងនាថ្ងៃទី៨ ខែមីនា តាមរយៈសារសំឡេងពិសេសរបស់សម្ដេចបន្ទាប់ពីមានកា រ មិនយល់គ្នាលើបញ្ហាពាក់ព័ន្ធជាមួយនឹងគោលបំណងរបស់លោកស្រី ទ្រី ដាណា ដែលត្រូវបានគេស្គាល់តាមរយៈបណ្តាញសង្គម ជាមួយ នឹង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្នុងសារជាសំឡេង សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចមានការសប្បាយរីករាយនៅពេលដែលប្រជាពលរដ្ឋ ជា ពិសេសលោកស្រី ទ្រី ដាណាដែលមានបំណងបង្ហាញវប្បធម៌ខ្មែរ ជូនប្រជាពលរដ្ឋកម្ពុជា ប៉ុន្តែលោករួមជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បង្ហាញពីកង្វល់ទាក់ទងនឹងការបង្ហាញវប្បធម៌ សិល្បៈខ្មែរនេះផងដែរ។
សម្ដេចតេជោបន្តថា ៖ «ការបង្ហាញវប្បធម៌ សិល្បៈខ្មែរ ទៅដល់ ប្រជាពល រដ្ឋដែលរស់នៅបច្ចុប្បន្ន និងសម្រាប់ក្មេងៗជំនាន់ក្រោយ គឺជារឿងល្អ ប៉ុន្តែប្រសិនបើការបង្ហាញនោះមិនបានត្រឹមត្រូវតាម ក្បួនខ្នាត គឺវាស្មើនឹងការបំផ្លាញវប្បធម៌ខ្មែរទៅវិញ»។

សម្ដេចតជោបានបញ្ជាក់ថា ៖ «ដូច្នេះ ខ្ញុំសុំស្នើឱ្យមានការយកចិត្ត ទុកដាក់ ជាពិសេសទៅលើបញ្ហាទម្រង់ដែលត្រូវតែអនុវត្តឱ្យ ខាង តែបានទៅតាមការណែនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលខ្ញុំបានរំលឹកទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលើការ កសាងរូបសំណាក បដិមាករ និងរូបចំលាក់ផ្សេងៗទៀតដោយធ្វើ យ៉ាង ណាឱ្យមានការសមស្រប»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកឡើងដែរថា ប្រសិនបើ មានអ្នកណាតាំងជាសម្លៀកបំពាក់ក្តី ជាបដិមាក្តី ឬជារូបសំណាកក្តី ដែលមិនមែនជារបៀបរបស់ខ្មែរពេញលេញ នោះវានឹងបង្កើតជា សណ្ឋាន ដ៏គ្រោះថ្នាក់សម្រាប់វប្បធម៌ខ្មែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ «ការបង្ហាញសម្លៀកបំពាក់ ពីជំនាន់បុរាណចាំបាច់ត្រូវតែធ្វើឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេ បន្ទាប់ ពីយើងដាក់តាំងបង្ហាញហើយនោះ វានឹងធ្វើឱ្យខូចនូវច្បាប់ដើម របស់យើង ហើយម្ខាងទៀតអាចនឹងធ្វើឱ្យប្រទេសជិតខាងចោទ ប្រកាន់ ថាយើងលួចចម្លងពីប្រទេសគេ»។

សម្ដេចតេជោបន្តថា នេះជារឿងដែលសម្ដេចត្រូវតែពន្យល់សម្រាប់ លោកស្រី ទ្រី ដាណា ក៏ដូចជាព្រះសង្ឃ និងប្រជាពលរដ្ឋទាំង អស់ គ្នាឱ្យបានដឹងថាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគឺជាសេនាធិការ ដើម្បីការពារវប្បធម៌ ដូនតាខ្មែរ មិនមែនក្រសួងមានការតឹងតែង នោះទេ ប៉ុន្តែប្រសិនបើក្រសួងបណ្តែតបណ្តោយឱ្យមានការ តាំងខុស ពីរូបភាពដើម នោះក្រសួងនឹងត្រូវទទួលខុសត្រូវចំពោះមុខរាជ រដ្ឋាភិបាល ផង និងចំពោះរដ្ឋសភាផងដែរ។

សម្ដេចតេជោបានណែនាំឱ្យលោកស្រី ទ្រី ដាណា យកចិត្តទុកដាក់ ទទួលយកការណែនាំ និងកែតម្រូវតាមការកំណត់របស់ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ហើយក្នុងករណីមិនអាចទទួលយកបានទេ សម្ដេច ក៏មិនអនុញ្ញាតឱ្យមានការតាំងនោះដែរ។

នៅថ្ងៃទី៨ ខែមីនានេះដែរ លោកស្រី ទ្រី ដាណា បានសរសេរលើប ណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកស្រីដោយភ្ជាប់ជាមួយនឹងសារសំឡេងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែនថា ៖ «កូនគោរពទទួលបានសម្តេចពុក»។

កាលពីថ្ងៃទី៦ ខែមីនា លោកស្រី បានបង្ហោះសារដោយមិនពេញ ចិត្តនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលតម្រូវឱ្យលោកស្រីធ្វើការ សុំច្បាប់ក្នុងការថតផ្សាយពីសម្លៀកបំពាក់នៅមុខប្រាសាទអង្គរ។

លោកស្រីបានសរសេរថា ៖ «ឱ្យតែយ៉ាងៗហ្នឹងអ្នកចង់ផ្សាយ វប្បធម៌ លែងហ៊ានហើយ វេទនាណាស់លោកអើយមើលទៅប្រហែល ខ្ញុំលែងផ្សាយវិញហើយ អស់ការអត់ធ្មត់។ សង្រ្កាន្ត ខ្ញុំប្រហែល ត្រូវលុបចោលវប្បធម៌ខ្មែរដូនតាចោលវិញហើយ លេងតែ សម័យៗទៅក៏បានលែងខ្វល់ហើយហត់ណាស់លោកអើយលោក»។

ឯកឧត្តម សេង សំអាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការបកស្រាយទាក់ទងនឹងការចោទប្រកាន់របស់លោកស្រី ទ្រី ដាណា ដែលបានចោទក្រសួងថាមិនបានអនុញ្ញាតឱ្យគាត់ថតរូប មុខ ប្រាសាទអង្គរ លោកបានបញ្ជាក់ថា ក្រសួងមិនអនុញ្ញាតនេះក៏ព្រោះតែ លោកស្រីមិនព្រមកែប្រែតាមសំណូមពររបស់អ្នកបច្ចេកទេស។

លោកថា ក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជា រដ្ឋមន្រ្តីក្រសួងមិនដែលមានការតឹងតែងចំពោះការស្នើសុំនោះទេ ប៉ុន្តែសំណូមពរឱ្យមានការឆ្លងក្រុមការងារបច្ចេកទេសជំនាញរបស់ក្រសួងជាមុនសិន ។បើឃើញថាត្រឹមត្រូវហើយ គឺក្រសួងអនុញ្ញាត ហើយ។ ប៉ុន្តែសម្រាប់ករណីរបស់ក្រុមការងារលោកស្រី ទ្រី ដាណា នេះ គឺក្រុមការងារឃើញថាមានការខុសឆ្គងច្រើន។

លោក សេង សំអាន មានប្រសាសន៍ថា ៖ «សម្លៀកបំពាក់របស់ខ្មែរ យើង មានក្បួនខ្នាតច្បាស់លាស់ ទោះបីជាចង់ច្នៃយ៉ាងណាក៏ដោយឱ្យ តែត្រូវតាមសម័យកាលគឺក្រសួងអនុញ្ញាត គឺអត់មានថាដូចពិបាក ទៅសុំភ្លើងយក្សនោះទេ វាមិនពិបាកដូចនោះទេ»។

មន្រ្តីដដែលរូបនេះបានបន្ថែមថា បើស្រលាញ់វប្បធម៌ជាតិ ត្រូវតែធ្វើឱ្យ បានត្រឹមត្រូវតាមសំណូមពររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕
ដោយ៖នាង សុគន្ធា

ads banner