ប្រធានាធិបតីបារាំង សន្យាថា នឹងមានច្បាប់រំលូតកូនតាមរដ្ឋធម្មនុញ្ញ ក្នុងប៉ុន្មានខែខាងមុខ

ប្រធានាធិបតីប្រទេសបារាំង លោក ម៉ាក្រុង (Macron) សន្យាថា នឹងដាក់ចេញពង្រាងច្បាប់ទាក់ទងនឹងការរំលូតកូន មានក្នុងរដ្ឋធម្មនុញ្ញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត។

ប្រធានាធិបតីបារាំងលោក មែននូអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃពុធ សប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោកនឹងដាក់ចេញសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញបារាំង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

នៅក្នុងសុន្ទរកថាមួយដើម្បីគោរពវិញ្ញាណក្ខន្ធ លោក ហ្គីសេឡេ ហាលីមី (Gisele Halimi) ដែលជាសកម្មជនស្ត្រីនិយម និងជាអ្នកត្រួសត្រាយផ្លូវសម្រាប់សិទ្ធិបន្តពូជ លោក ម៉ាក្រុង (Macron) បាននិយាយថា វិសោធនកម្មរដ្ឋធម្មនុញ្ញនឹងត្រូវដាក់ជូនសភា។

លោកប្រធានាធិបតីបារាំងរូបនេះបានមានប្រសាសន៍ថា «នេះនឹងធ្វើឱ្យមានសេរីភាពរបស់ស្ត្រីក្នុងការជ្រើសរើសការរំលូតកូន ហើយជាការធានាដ៏ឧឡារិកថា គ្មានអ្វីអាចកំណត់ ឬលុបចោលសិទ្ធិនេះបានទេ ព្រោះវានឹងក្លាយជាមិនអាចត្រឡប់វិញបាន។ »

លោក ម៉ាក្រុង (Macron) បាននិយាយទៀត «សិទ្ធិរបស់ស្ត្រីគឺតែងតែជាការដណ្តើមយក ប្រកបដោយភាពផុយស្រួយ» សភាជាតិរបស់ប្រទេសបារាំង កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ បានបោះឆ្នោតគាំទ្ររួចហើយនូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ប៉ុន្តែគ្មានការសម្រេចចិត្ត លើពេលវេលាដែលត្រូវកំណត់នោះទេ។

ចំណាត់ការនេះត្រូវបានពន្លឿន បន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានលុបចោលសិទ្ធិរំលូតកូន កាលពីខែមិថុនា ដោយជំរុញឱ្យមានសម្ពាធពីអ្នកធ្វើយុទ្ធនាការសម្រាប់ប្រទេសបារាំង ឱ្យធ្វើការបញ្ច្រាសជានិមិត្តរូបនៃការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិស្ត្រី៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner