ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រគល់វត្ថុបុរាណចំនួន ១៦មុខ ទៅមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ វត្ថុបុរាណចំនួន ១៦មុខ ត្រូវបានមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រគល់ឱ្យមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ យកទៅរក្សាទុកក្នុងសារមន្ទីរខេត្ត កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ។
លោក គូ វ៉ិត ប្រធាន នាយកដ្ឋានគាំពារ និងអភរក្សសំណង់បុរាណ នៃក្រត្រសួងវប្បធម៌វិចិត្រសិល្បៈ ថ្លែងថា វត្ថុបុរាណទាំងអស់សរុបមាន ១៦ មុខ ស្មើនឹង ១២៧សម្ភារៈ ឬវត្ថុ ក្នុងនោះមាន កុលភាជន៍ លោហៈធាតុ ដៃទេវរូប ក្បាល ឬ ព្រះកេសទេវរូប ជាដើម ត្រូវបានរកឃើញ កំលុងពេលជួសជុស រោងទោងទី៣ នៃប្រាសាទបន្ទាយឆ្មារ នៅស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
លោកប្រធាន នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បន្តថា វត្ថុបុរាណ ដែលបានរកឃើញនេះ វាបានបង្ហាញ ភស្តុតាង យ៉ាងច្បាស់ពី សម្ភារប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងវត្ថុសម្រាប់សាសង់ សំណង់ស្ថាបត្យកម្ម ក្នុងសម័យបុរាណ រួមទាំងបានបង្ហាញការគោរពបូជា សាសនា នាយុគសម័យកាលនោះផងដែរ ។
លោក គូ វ៉ិត បញ្ជាក់ថា រាល់វត្ថុបុរាណ សុទ្ធតែមានតម្លៃជាប្រវត្តិសាស្ត្រ នៃសង្គមមនុស្សក្នុងសម័យបុព្វកាលនីមួយ ៗ ហើយក៏ជាអត្តសញ្ញាណជាតិផងដែរ ចាំបាច់យើងត្រូវរួមគ្នាថែរក្សាវាទុកជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ របស់យើង និងសម្រាប់មនុស្សគ្រប់ជំនាន់ ៕ ដោយ ៖ គៀន ច័ន្ទហ៊ីន