រដ្ឋបាលខេត្តបាត់ដំបង និង សសយក ខេត្តបានរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងដើម្បី”អបអរសង្ក្រាន្តឆ្នាំថ្មី” និងការលើកកម្ពស់វិស័យកីឡាក្នុងខេត្ត
ខេត្តបាត់ដំបង ៖ ដើម្បីអបអរសាទរនូវការរៀបចំសង្ក្រាន្តឆ្នាំថ្មី២០២៣ នៅពេលឆាប់ៗខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានសហការជាមួយរដ្ឋបាលខេត្ត រៀបចំកម្មវិធីរត់ម៉ារ៉ាតុងបាត់ដំបងលើកទី៥ ចម្ងាយ៥គីឡូម៉ែត្រ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅខាងមុខបរិវេណនៃអតីតអគារសាលាខេត្តចាស់ ក្រុង-ខេត្តបាត់ដំបង ។
ឯកឧត្តម ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានថ្លែងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងលើកទី៥នាពេល គឺមានអ្នកចូលរួមប្រមាណជាង២ពាន់នាក់ គឺធ្វើឡើងដោយផ្តោតក្នុងគោលបំណង ដើម្បីអបអរសាទរនូវសង្ក្រាន្តបាត់ដំបងសម្រាប់ឆ្នាំ២០២៣នាពេលឆាប់ៗខាងមុខនេះ។ហើយក៏ដូចជាការរួមចំណែក ក្នុងការលើកកម្ពស់នូវវិស័យកីឡាជាតិយើង ឲ្យកាន់តែមានភាពរីកចម្រើន និងស្របខណៈពេលដែលព្រះរាជាណាចក្រកម្ពុជានិងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមពាក្យស្លោក ‘‘កីឡារស់នៅក្នុងសន្តិភាព’’ផងដែរ ។
ឯកឧត្តម ធូ ភា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ ការរៀបចំនូវព្រឹត្តិការណ៍ម៉ារ៉ាតុងថ្ងៃនេះ គឺដើម្បីពង្រឹងសមត្ថភាពនិងកាយសម្បទាថែមទាំងជាការលើកទឹកចិត្តដល់យុវជនជំនាន់ថ្មីឱ្យខិតខំនិងចូលរួមលេងកីឡា ដើម្បីជាការបញ្ចៀសឲ្យយុវជនយើងចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងនាំគ្នាចូលរួមបំផុស និង ធ្វើការផ្សព្វផ្សាយពីសក្ដានុពលវិស័យវប្បធម៌ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ដើម្បីសំដៅក្នុងការទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកស្នាក់នៅកម្សាន្តសប្បាយនៅក្នុងខេត្តបាត់ដំបងយើងឱ្យកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។
ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានថ្លែងបិទនូវកម្មវិធីរត់ម៉ារ៉ាតុងបាត់ដំបងថា៖ កម្មវិធីនេះ គឺធ្វើឡើងក្នុងគោលបំណងដ៏ចម្បងធំបំផុត ដើម្បីក្នុងការផ្សព្វផ្សាយពីកីឡាជាតិរបស់យើង ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើកឡើងដោយបញ្ជាក់និងដាស់ស្មារតីដល់យើងគ្រប់ៗគ្នា គឺ៖” ក្នុងមនុស្សម្នាក់ត្រូវហាត់កីឡាយ៉ាងតិច ឱ្យបានមួយប្រភេទ នៅក្នុងជីវិតរបស់ខ្លួន”…។
ព្រមជាមួយគ្នានេះ ឯកឧត្តម ស សុខា ថែមទាំងបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីពង្រឹងនូវ សុខភាព និងបង្កើនអាយុ របស់ខ្លួន ។
ឯកឧត្តម ស សុខា បន្តទៀតថា ឆាប់ៗខាងមុខនេះ កម្ពុជាយើង នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំនូវព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ និងជាការចូលរួមចំណែកផ្ដល់នូវភាពកក់ក្ដៅជូនដល់កីឡាករ កីឡាការិនីជនពិការ ដែលទាំងនេះវាក៏ជាការឆ្លុះបញ្ចាំងពីការរស់នៅក្នុងសង្គម ត្រូវតែជួយថែទាំគ្នាទៅវិញទៅមកក្នុងរង្វង់ក្រុមគ្រួសារខ្មែរយើងដូចគ្នាផងដែរ៕. ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )