រដ្ឋបាលខេត្តស្វាយរៀងគាំទ្រចំពោះម្ចាស់អាជីវកម្មដែលមានបំណងប្រកបរបររកស៊ីទូកបណ្ដែតទឹកនៅទន្លេវ៉ៃគូក្រុងស្វាយរៀង

ស្វាយរៀង៖ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា សូមគាំទ្រចំពោះម្ចាស់អាជីវកម្មដែលមានបំណងចង់ប្រកបរបររកស៊ីទូកទេសចរណ៍បណ្ដែតទឹកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលជាការរួមចំណែកក្នុងការលើកស្ទួយទេសចរណ៍ខេត្តឲ្យកាន់តែមានភាពទាក់ទាញថែមទៀត។

ការថ្លែងបែបនេះរបស់លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានធ្វើឡើង ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀងអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការស្នើសុំប្រកបអាជីវកម្មទូកទេសចរណ៍បណ្ដែតលើផ្ទៃទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង នាព្រឹកថ្ងៃទី១៧ខែមីនាឆ្នាំ២០២៣។

កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត លោកអនុប្រធានមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត លោកអនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បះខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ចសាលាខេត្ត និងម្ចាស់អាជីវកម្ម។

លោកហែម ពិសិដ្ឋ បានថ្លែងនូវការអរគុណចំពោះម្ចាស់អាជីវកម្មដែលមានបំណងផ្តួចឡើងឱ្យមានទូកទេចរណ៍បណ្តែតទឹកនៅទន្លេវ៉ៃគោនេះ ដែលសព្វថ្ងៃក្រោមការដឹកនាំរបស់លោកម៉ែន វិបុល ជាអភិបាលខេត្ត មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ជាពិសេសយើងមានច្រាំងតាបុលទន្លេវៃគោដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដើរលេងកម្សាន្តជាពិសេសគឺបានបង្កើតកន្លែងហាត់ប្រាណដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្រុងស្វាយរៀងផងដែរ។

លោកបានណែនាំដល់មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនដែលជាម្ចាស់ទូក ត្រូវធ្វើយ៉ាងណាសិក្សាឲ្យបានច្បាស់លាស់ទាក់ទងសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាព អនាម័យ សោភ័ណ្ឌភាព និងតម្លៃសមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត ជាពិសេសមន្ទីរទេសចរសូមជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីតបន់ទេសចរណ៍នានាជុំវិញខេត្តជូនដល់ប្រជាពលរដ្ឋទាំងក្នុងស្រុកនឹងក្រៅស្រុកដើម្បីមកលេងកម្សាន្តអោយបានកាន់តែច្រើកុះករបន្ថែមទៀត៕ ដោយ ៖ នុត នាង

ads banner