រុស្ស៊ីច្រានចោល «ដីកាចាប់ខ្លួនលោក ពូទីន» របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីប្រកាសច្រានចោលដីកាចាប់ខ្លួនលើលោកប្រធានាធិបតី ពូទីន របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC។

ក្រសួងការបរទេសនៃប្រទេសរុស្ស៊ី និងតំណាងស្ថាប័នធំៗរបស់រុស្ស៊ីផ្សេងទៀត បានច្រានចោលសេចក្តីប្រកាសប្រកាសដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក ពូទីន ភ្លាមៗ ក្រោយពេលតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួននេះ។

អង្គបុរេជំនុំជម្រះនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកា កាលពីថ្ងៃសុក្រ សប្តាហ៍នេះ សម្រាប់ការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងលោកស្រី ម៉ារៀ លូវ៉ា-បេឡូវ៉ា (Maria Lvova-Belova ) ស្នងការប្រធានាធិបតី ទទួលបន្ទុកសិទ្ធិកុមាររបស់រុស្ស៊ី។

សាលាក្តីដែលមានមូលដ្ឋាននៅទីក្រុងឡាអេ មិនត្រូវបានទទួលស្គាល់ដោយរុស្ស៊ីទេ ហើយចំណាត់ការនេះមិនមានសុពលភាពស្របច្បាប់នៅក្នុងប្រទេសរុស្ស៊ីឡើយ។ សហរដ្ឋអាមេរិកក៏មិនទទួលស្គាល់ស្ថាប័នដែលត្រូវបានគេចោទប្រកាន់ថាជា អឺរ៉ូកណ្តាល (Eurocentric) និងលម្អៀងទៅខាងលោកខាងលិចដែរ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេស លោកស្រី ម៉ារៀ ហ្សាក់ហារ៉ូវ៉ា (Maria Zakharova) បានសរសេរនៅលើ Telegram ថា “ការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិមិនមានបញ្ហាចំពោះប្រទេសរបស់យើង រួមទាំងតាមទស្សនៈផ្លូវច្បាប់” ។

រីឯ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា “យើងចាត់ទុកការសន្និដ្ឋានដ៏អាក្រក់បំផុត និងមិនអាចទទួលយកបាន” ។ “រុស្ស៊ីក៏ដូចជារដ្ឋដទៃទៀតដែរ មិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេ។ អាស្រ័យហេតុនេះ រាល់ការប្រកាសរបស់ខ្លួនគឺទុកជាមោឃៈចំពោះសហព័ន្ធរុស្ស៊ី តាមទស្សនៈផ្លូវច្បាប់»។

ចំណែកឯ លោក ព្រឹទ្ធសមាជិក អេនត្រេ ឃ្លីសហ្សា (Andrey Klishas) សមាជិកជាន់ខ្ពស់នៃគណបក្ស យូណាយធី រុស្ស៊ី (United Russia) ដែលកាន់អំណាចបានហៅការប្រកាសនេះថា “មិនសមហេតុផល” ដោយនិយាយថា ICC កំពុងដាក់ខ្លួននៅលើផ្លូវឆ្ពោះទៅរកការបំផ្លាញខ្លួនឯង៕ ប្រភពពី RT ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner