ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញដល់វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញ

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀង RCEP ដែលកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អារ៉ាប់រួម (CEPA) ទើបតែត្រូវបានប្រកាសពីការបញ្ចប់ការចរចា។ ឯកឧត្តម ប៉ាន សូរស័ក្តិ ជំរុញដល់វិនិយោគិនប៉ាគីស្ថានអាចមកបណ្តាក់ទុននៅកម្ពុជា និងទាញយកអត្ថប្រយោជន៍ពី FTA ទាំងនេះ ដើម្បីលើកកម្ពស់ការនាំចេញផងដែរ ។

ការថ្លែងឡើងបែបនេះធ្វើឡើង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសដែល ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ដឹកនាំសហការី បានទទួលជួបជាមួយឯកឧត្តម Mr. Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសំដែងការគួរសម និងពិភាក្សាការងារលើការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ដោយទទួលស្គាល់ថា វិស័យឯកជនដើរតួនាទីយ៉ាងសំខាន់ ជាពិសេសតាមរយៈសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីទាញយកទីផ្សារដែលមាន និងប្រើប្រាស់ឱកាស ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ, ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើឱ្យស្វែងរកពីលទ្ធភាពក្នុងការពង្រឹងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយលើកទឹកចិត្តសភាពាណិជ្ជកម្ម សមាគមធុរកិច្ច និងក្រុមហ៊ុននៃប្រទេសទាំងពីរ ឱ្យធ្វើការយ៉ាងជិតស្និទ្ធ និងសកម្មជាមួយគ្នា ដើម្បីពង្រីកឱកាសបណ្តាញអាជីវកម្ម តាមរយៈកិច្ចសន្ទនា B2B រួមទាំង ការផ្គូផ្គងពាណិជ្ជកម្ម ការតាំងពិព័រណ៍ពាណិជ្ជកម្ម និងពិព័រណ៍ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការទីផ្សារនាំចេញ និងជំរុញការបណ្តាក់ទុនអាជីវកម្មរួមគ្នា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្នើសុំ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញវិស័យឯកជនពីប្រទេសប៉ាគីស្ថាន មកស្វែងយល់ពីឱកាសអាជីវកម្មនៅកម្ពុជាក្នុងវិស័យឧស្សាហកម្មកែច្នៃម្ហូបអាហារ ជាពិសេសអាហារហាឡាល(Halal) ដើម្បីបម្រើទីផ្សារក្នុងស្រុក និង នាំចេញ និងចង់ឱ្យមានជើងហោះហើរត្រង់ពីប៉ាគីស្ថានមកកម្ពុជា ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានឆ្លៀតពេលពីកម្មវិធីការងារដ៏មមាញឹកអនុញ្ញាតទទួលជួបនាឱកាសនេះ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរ និងថ្លែងកោតសរសើរ ចំពោះការជោគជ័យដ៏ត្រចះត្រចង់ក្នុងការដឹកនាំធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២។ ឯកឧត្តមឯកអគ្គរាជទូត បានជម្រាបជូនថា ប៉ាគីស្ថានមានវិស័យសក្តានុពលមួយចំនួន ដូចជា វាយនភណ្ឌ ថ្មម៉ាប ជាដើម ហើយប៉ាគីស្ថានបាននាំចូលប្រេងដូងយ៉ាងច្រើនពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងនាំចូលគ្រាប់ស្វាយចន្ទីពីប្រទេសវៀតណាម។ បន្ថែមពីលើនេះ ប៉ាគីស្ថាន អាចមានលទ្ធភាណផ្តល់ជំនួយបច្ចេកទេសក្នុងការចិញ្ចឹមសត្វ បើកម្ពុជាមានតម្រូវការ។

ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានគណៈកម្មាធិការរួមគ្នារវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរដ្ឋទូតថា ក្នុងនាមក្រសួងពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងមន្ត្រីការទូតប៉ាគីស្ថាន សំដៅបន្តកិច្ចសហប្រតិបត្តិការ ដើម្បីឈានដល់សម្រេចបាននូវសមិទ្ធិផលដែលប្រទេសទាំងពីរចង់បាន៕ អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner