បញ្ចូនជនសង្ស័យ ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម

ភ្នំពេញ ៖ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួច (ដោយមានស្ថានទម្ងន់ទោសគាស់ទម្លុះទម្លាយផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ) និងទទួលផលចោរកម្ម ។

ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖ ១-ឈ្មោះ កាក់ កេ ហៅខ្លី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
២-ឈ្មោះ អ៊ូ រ៉ូប៊ី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្រុកកំណើត ក្រុងភ្នំពេញ ទីលំនៅបច្ចុប្បន្ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការស្តាប់ចម្លើយជនសង្ស័យឈ្មោះ កាក់ កេ ហៅខ្លី បានសារភាពឲ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៣ នេះ ខ្លួនបានធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួនពីរកន្លែង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយលួចយកបានម៉ូតូចំនួន ០២គ្រឿង ក្នុងនោះ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ និងមួយ០១គ្រឿងទៀត ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត ពិតប្រាកដមែន។ ដោយម៉ូតូដែលលួចបានខ្លួនបានអោយទៅឈ្មោះ ប៊ី ដើម្បីយកទៅលក់ និងបញ្ចាំបន្ត នៅពេលបានលុយ ពួកខ្លួនចែកគ្នា។ ហើយរូបខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន០២លើកមកហើយ ពីបទលួច។ ចំណែកឯ ឈ្មោះ អ៊ូ រ៉ូប៊ី បានសារភាពឲ្យដឹងដែរថា ខ្លួនពិតជាបានទទួល ម៉ូតូពីឈ្មោះ កាក់ កេ ហៅខ្លី ដើម្បីយកទៅលក់ និងបញ្ចាំ ពិតប្រាកដមែន។ ហើយរូបខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ០៣ឆ្នាំ០៦ខែ ម្តងរួចមកហើយ ពាក់ព័ន្ធករណីគ្រឿងញៀន ។

ជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner