សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ស្រាយបួសខែរ៉ាម៉ាឌន លើកទី៧ នៅកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី អញ្ជើញចូលរួមក្នុងពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា នៅមជ្ឍមណ្ឌលជ្រោយចង្វារ OCIC រាជធានីភ្នំពេញ ដែលមាន សាសនិកឥស្លាមប្រមាណ ប្រាំមួយពាន់នាក់ ចូលរួម ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី គឺបង្ហាញ ពីភាពស្និទ្ធស្នាលរវាងប្រមុខថ្នាក់ដឹកនាំប្រទេសដែលកាន់សាសនាព្រះពុទ្ធ ជាមួយបងប្អូនដែលកាន់សាសនាឥស្លាម ក៏ដូចជាសាសនាផ្សេងៗ ទៀតផងដែរ។ សាសនិកឥស្លាមនៅកម្ពុជា និងពិភពលោក បានមើលឃើញ កាន់តែច្បាស់ ចំពោះភាពសុខដុមនីយកម្មយ៉ាងកក់ក្តៅ និងក្តីស្រលាញ់ដ៏ ជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំប្រទេសកម្ពុជា មកលើសាសនិកឥស្លាម ដូចគ្នាទៅនឹងប្រជាពលរដ្ឋកម្ពុជាទាំងមូល ។

សូមរំលឹកថា តាមរយៈបណ្ដាញសង្គម នាល្ងាចថ្ងៃទី២២ ខែមីនា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្នុងនាមរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាស និកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាស និកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា ចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី សូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿ ជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើម តរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង ។

បន្ទាប់ពីបានខកខានរយៈ ពេល ៣ឆ្នាំកន្លងមក ដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះ រាជរដ្ឋាភិបាលសម្រេចរៀបចំឡើងវិញ នូវពិធីជួបជុំពិសាអាហារ ស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង ៦១០០នាក់។ សម្ដេចបន្តថា ឆ្នាំនេះ ក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុង និងក្រៅប្រទេស ប្រមាណជាង ៥០០ នាក់ ពិសេស ឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ថា កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជា មិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ សម្តេច បានរំលឹកប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និង សាសនា គឺមានសារៈសំខាន់ណាស់សម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner