សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិកូវីដ-១៩ បានជំរុញលើការប្រើប្រាស់ប្រព័ន្ធ Digital នៅកម្ពុជា
ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០មីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វិបត្តិតែងបង្កប់នូវកាលានុវត្តភាព។
សម្ដេចថា ពេលវិបត្តិកូវីដ-១៩ បានចាប់ឱកាសជំរុញលើការប្រើប្រាស់ប្រព័ន្ធ Digital នៅកម្ពុជា ជាពិសេសក្នុងវិស័យអបរំ ដែលក្រសួងអបរំ យុវជន និងកីឡា បានផ្ដល់ការសិក្សាដល់សិស្សតាមប្រព័ន្ធ Online ជំនួសឱ្យការរៀនដោយផ្ទាល់នៅក្នុងថ្នាក់ដើម្បីបញ្ចៀសហានិភ័យកូវីដ-១៩នាពេលនោះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាមិនទាន់ឈ្នះសង្គ្រាមកូវីដ-១៩ ទាំងមូលទេ គឺបានឈ្នះត្រឹមសមរភូមិកូវីដ-១៩ ប៉ុណ្ណោះ ពីព្រោះបញ្ហាកូវីដ-១៩នេះ យើងមិនដឹងថា នឹងមានអ្វីកើតឡើងថែមទៀតទេ ដូច្នេះមានរឿងច្រើនណាស់ដែលរាជរដ្ឋាភិបាល ត្រូវគិតគូរទុកជាមុន ដើម្បីបង្ការជំងឺឆ្លងនេះ ។
សូមជម្រាបថា តាមសេចក្ដីជូនដំណឹងនៅថ្ងៃទី២៩មីនា ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់ ដោយសារវីរុសកូវីដ-១៩ នោះទេ ។ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ករណីកូវីដ-១៩ នៅកម្ពុជា មានអ្នកឆ្លងសរុប ១៣ម៉ឺន៨ពាន់៧២៥នាក់, អ្នកជាសះស្បើយ ១៣ម៉ឺន៥ពាន់៦៦៥នាក់ និងអ្នកស្លាប់ ៣,០៥៦នាក់ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ