សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភ័យលើបញ្ហាវិបត្តិសេដ្ឋកិច្ចនោះទេ
ភ្នំពេញ៖ កម្ពុជា មិនទាន់ដល់កម្រិតដែលពលរដ្ឋត្រូវភ័យលើបញ្ហាវិបត្តិសេដ្ឋកិច្ចនោះទេ ខណៈពិភពលោក នឹងរកវិធីដោះស្រាយបាននាពេលឆាប់ៗ។ នេះជាការអះអាងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង ៦ពាន់នាក់ នាព្រឹកថ្ងៃទី៣០មីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ មានប្រសាសន៍ថា បញ្ហាសេដ្ឋកិច្ចកំពុងប្រកាសអាសន្ន ប៉ុន្ដែការប្រកាសអាសន្ននេះ សម្ដេច បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ មិនត្រូវនាំគ្នាទៅដកប្រាក់ពីធនាគារនោះទេ ដែលជាសកម្មភាពមួយ ធ្វើឱ្យងាប់សេដ្ឋកិច្ច និងដួលរលំធនាគារខ្លួនឯងទៅវិញទេ។
សម្ដេច បានបញ្ជាក់ទៀតថា ការប្រកាសពីវិបត្តិសេដ្ឋកិច្ចនេះ ក៏ជាកត្តាចិត្តសាស្រ្ដផ្នែកសេដ្ឋកិច្ចសកលមួយដែរ ដូច្នេះប្រទេសកម្ពុជាមិនទាន់ដល់កម្រិតដែលពលរដ្ឋ ត្រូវភិតភ័យលើបញ្ហានេះនោះទេ។ សម្ដេចសង្ឃឹមថា បញ្ហានេះពិភពលោកនឹងរកវិធីដោះស្រាយបាននាពេលឆាប់ៗខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ឥឡូវនេះ សេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះសម្ដេច ផ្ដាំដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិត កំពុងចាញ់បោកការឃោសនារបស់បុគ្គលមួយចំនួន ដែលអះអាងថា រដ្ឋមិនគិតលើថ្លៃទឹក ភ្លើងឱ្យសោះ ពីព្រោះសេដ្ឋកិច្ចទីផ្សារ គឺជាការប្រកួតប្រជែងនៅក្នុងទីផ្សារ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



