​នាយក​​រដ្ឋ​មន្ត្រី​​ចិន​​ព្រមាន​​ពី ​​«​​ភាព​​ចលាចល​ ​និង​​ជម្លោះ​​​»​​ នៅ​​អាស៊ី​ ​

ប៉េកាំង៖ នាយក​រដ្ឋ​មន្ត្រី​ចិន​ លោក ​លី កាង​​ (Li Qiang) ​បាន​និយាយក្នុង​វេទិកា Boao ​សម្រាប់​អាស៊ី​ប្រចាំ​ឆ្នាំ​​​​នៅ​ថ្ងៃ​​ទី​ ៣០ ខែមីនា​ថា ​អាស៊ី​ត្រូវ​តែ​ជៀស​វាង​ «​ភាព​វឹកវរ​ និង​ជម្លោះ»​ បើ​មិន​ដូច្នេះ​ទេ​ អនាគត​ក្នុង​តំបន់​នឹង​ត្រូ​វ​បាត់​បង់​។​

លោកបាន​​​ថ្លែង​យ៉ាង​ដូច្នេះ​ ទៅ​កាន់​ទស្សនិកជន​អន្តរជាតិ​ដែល​រួម​មានទាំង​​​មេ​ដឹក​នាំ​នយោបាយ​ និងអ្នក​​ជំនួញ​​ ​ហើយ​បាន​បន្ថែមទៀត​​ថា​ ​ចិន​អាច​ជា​ «​យុថ្កា​សម្រាប់​សន្តិភាព​ពិភព​លោក​»​ និង​ជា​ស្ថិរភាព​ ហើយ​នឹ​ង​បន្ត​ការ​ធ្វើ​កំណែ​ទម្រង់​ និង​ការ​បើក​ចំហរ​។​

លោក​​ថ្លែង​​​​ថា ​៖ ​«​​​ក្នុង​ពិភព​លោក​ដែល​មិន​ច្បាស់​លាស់​នេះ​ ភាព​ប្រាកដ​ប្រជា​ដែល​ចិន​ផ្តល់​ជូន​គឺ​ជា​យុថ្កា​សម្រាប់​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ពិភព​លោក​​។ ​នេះ​​​ជា​​ករណី​​កន្លង​​មក​ ហើយ​​នឹង​​នៅ​​តែ​​មាន​​នៅ​​ពេល​​អ​នាគត​»​។

ជាមួយ​នឹង​ការ​ព្រមាន​របស់​លោក​ លី​ នាយិកា​គ្រប់​គ្រង​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ (IMF)​ លោក​ស្រី​Kristalina Georgieva ដែល​ចូល​រួម​ក្នុង​វេទិកា​តែ​មួយ​​ដែរ​នោះ​ ​​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី៣០ ខែមីនា​ ពី​ត​ម្រូវ​ការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​សាមគ្គីភាព ​ដើម្បី​ជម្នះ​បញ្ហា​ដូច​ជា​ការ​បែក​បាក់​ពាណិជ្ជកម្ម ​និង​ស្វែង​រក​ដំណោះ​ស្រាយ​​ដើម្បី​​​ «​ពង្រឹង​ពាណិជ្ជកម្ម​អន្តរជាតិ​ឡើង​វិញ​​ដោយ​​សម​ធម៌​ និង​ធ្វើ​ពិពិធកម្ម​សង្វា​ក់​ផ្គត់​ផ្គង់​»​។

ទោះ​បី​ជា​ទិន្នន័យ​​បង្ហាញ​ថា​សេដ្ឋកិច្ច​ចិនមាន​ភាព​ត្រដាប​ត្រដួស​​ក្នុង​រយៈ​ពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៣ ក៏​ដោយ​ លោក​ លី​ ​បាន​និយាយ​ថា​ ​ចិន​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ងើប​ឡើង​វិញ​​ពី​វិបត្តិ​កូវីដ​។ ​លោក​បន្ថែម​ថា​ ​​៖ «ចិន​នឹង​បន្ត​​ស្វែង​រក​ការ​រីក​ចំរើន​ ខណៈ​​​រក្សា​​នូវ​ស្ថិរភាព​ ​បង្រួប​​បង្រួម​ និង​ពង្រីក​សន្ទុះ​នៃ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ និង​ជំរុញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ជា​រួម​ជា​បន្ត​បន្ទាប់​នៃ​ដំណើរការ​សេដ្ឋកិច្ច​របស់​ប្រទេស​​»​។​ ​គួរ​បញ្ជាក់​ថា​ វេទិកា Boao ​សម្រាប់​អាស៊ី​ប្រចាំ​ឆ្នាំលើក​នេះ​​ មានការ​ចូល​រួម​ពី​​មេដឹកនាំ​​ផ្នែក​ជំនួញ​រាប់​សិប​នាក់​ រួម​ទាំង​​​នាយក​ប្រតិបត្តិ​​ក្រុម​ហ៊ុនបច្ចេកវិទ្យា​​ Apple ​លោក​ Tim Cook ​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ​​​ HSBC ​លោក​ Noel Quinn ​និង​ស្ថាបនិក​ក្រុមហ៊ុនវិនិយោគ​​ Blackstone ​គឺ​លោក​ Stephen Schwarzman។ មេដឹកនាំ​នយោបាយ​ដែល​ចូល​រួម​ក្នុង​វេទិកា​ដដែល​ រួម​មាន​​​​នាយក​រដ្ឋ​មន្ត្រី​​អេ​

ស្ប៉ា​​ញ​ លោក​ Pedro Sánchez ​ដែល​នឹង​​​​ក្លាយ​ជា​​ប្រធាន​​សហភាព​​អឺរ៉ុប​​ក្នុង​​ខែ​កក្កដា​ខាង​មុខ​ និង​​នាយក​រដ្ឋ​មន្ត្រី​​ម៉ាឡេស៊ី​​លោក​ Anwar Ibrahim ​។​

វេទិកា​នេះ​ ​បាន​រៀប​ចំ​ឡើង​​ចំ​ពេល​ដែល​​ចិន​ប្រឈម​មុខ​នឹង​ការ​ប្រកួត​ប្រជែង​ដ៏​ក្តៅ​គគុក​ជាមួយ​សហរដ្ឋ​អាមេរិក​​ ទាំង​ផ្នែក​ពាណិជ្ជកម្ម​ និង​ភូមិ​សាស្រ្ត​នយោបាយ​៕​

ដោយ៖ហួន ឌីណា

ads banner