ខេត្តកណ្តាល៖ ក្នុងឆ្នាំ ២០២២ បទល្មើសនានាថយចុះ ៧៨ភាគរយ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍កើនឡើង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖របាយការណ៍របស់រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា ក្នុងឆ្នាំ ២០២២ បទល្មើសនានាមានការថយចុះ ៧៨ ភាគរយ ប្រៀបធៀបឆ្នាំ ២០២១ ខណៈការបង្ក្រាបទទួលបានខ្ពស់រហូតដល់ ៩៦ភាគរយ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង។

របាយការណ៍នេះត្រូវបានដាក់ឱ្យផ្សព្វផ្សាយជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោកជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់ខេត្តកណ្តាល» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី​៣០ ខែមីនា ឆ្នាំ ២០២៣។

ក្នុងរបាយការណ៍នេះបានបញ្ជាក់ថា តាមរយៈការអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ការចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាពបានដំណើរការយ៉ាងសកម្មផុលផុសនិងទទួលបានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពិសេសមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល រួមជាមួយកម្លាំង ប្រជាការពារ ដែលជាបង្អែកយ៉ាងរឹងមាំក្នុងការគ្រប់គ្រងស្ថានការណ៍សន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅមូលដ្ឋាន។ ក្នុងរបាយការណ៍ដដែលបង្ហាញថា៖«កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានធ្វើឱ្យបទ ល្មើសនានា មានការថយចុះ ជាក់ស្ដែងក្នុងឆ្នាំ២០២២ បទល្មើសមានការថយចុះ ៧៨ភាគរយ គួបផ្សំប្រតិបត្តិការបង្ក្រាបទទួលបានខ្ពស់រហូតដល់ ៩៦ភាគរយ

លើកលែងតែគ្រោះថ្នាក់ ចរាចរណ៍ដែលមានការកើនឡើង ១៩លើក ស្មើនឹង១០ភាគរយ»។

អភិបាលខេត្តកណ្តាលឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងនៅក្នុងសន្និសីទនោះថា  ការថយចុះនៃបទល្មើសនេះ ដោយសារមានការយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនោះមានការចូលរួមពីប្រជាពលរដ្ឋដែលបានរាយការណ៍ជូនទៅសមត្ថកិច្ចនៅពេលជួបបញ្ហា។ឯកឧត្តមបន្តថា៖«ការថយចុះបទល្មើស ៧៨ ភាគរយនេះ គឺក្រសួងមហាផ្ទៃ ផ្តល់ការអបអរក្នុងកិច្ចការភូមិ ឃុំ មានសុវត្ថិភាព។ ហើយយើងមិនភ្លេចដាច់ខាត គឺការចូលរួមរបស់ប្រជាពលរដ្ឋ  ដូចពាក្យស្លោកគ្រឿងញៀនថា បីកុំ១ រាយការណ៍ បើប្រជាពលរដ្ឋពលរដ្ឋមិនរាយការណ៍ និងមិនចូលរួមយើងធ្វើម៉េចកើត»។  

ជាមួយនឹងលទ្ធផលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អះអងថា អាជ្ញាធរមានសមត្ថកិច្ចខិតខំបង្ក្រាបបទល្មើសនានាបន្ថែមទៀតនៅក្នុងឆ្នាំ២០២៣ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អដូចក្នុងឆ្នាំ ២០២២។ ឯកឧត្តមបន្តថា៖‍«បើពាក់ព័ន្ធជនដៃដល់ប្រព្រឹត្តបទល្មើស ដូចជាប្រព្រឹត្តបទឧក្រិដ្ឋ បទចោរកម្ម រំលោភសេពសន្ថវៈ បទគ្រឿងញឿន ជួញដូរ លក់ ចែកចាយ  ផលិត ប្រើប្រាស់ កម្រិតធំ ឬធ្វើជាខ្នងបង្អែកឱ្យក្រុមឧក្រិដ្ឋជនគ្រឿងញៀន  គឺយើងអនុវត្តវិធានច្បាប់យ៉ាងតឹងរ៉ឹង ១០០ភាគរយ»។  ការអនុវត្តភូមិ ឃុំ មានសុវត្ថិភាពនេះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ពោលក្នុងគោលនយោបាយនេះ

មិនត្រឹមតែការបង្ក្រាបបទល្មើសនោះទេ គឺរាប់បញ្ចូលទាំង ការអភិវឌ្ឍន សុវត្ថិភាព ស្ថេរភាព សុខភាពសាធារណៈ និងបរិស្ថានល្អជាដើម។  ជាមួយគ្នានោះ លោកបានទាញចំណាប់អារម្មណ៍ថា ការថយចុះនៃបទល្មើសនេះ ក៏ជាផ្នែកមួយនៃការទាក់ទញអ្នកវិនិយោគ មកបណ្តាក់ទុននៅក្នុងខេត្តរបស់ខ្លួនផងដែរ។

បន្ថែមពីនេះឯកឧត្តម ទទួលស្គាល់ថា ទោះបីការការអនុវត្តបង្ក្រាបបទល្មើសមិន​បាន ១០០ភាគរយ ប៉ុន្តែអាជ្ញាធរខេត្តនឹងខិតខំប្រឹងប្រែងបន្ថែមទៀត។ឯកឧត្តមបញ្ជាក់ថា៖«កាលពីឆ្នាំ​២០២១​ យើងដាក់ទិសដៅថា ឆ្នាំ ២០២២ ត្រូវតែមានភូមិ ឃុំ សុវត្ថិភាព ល្អប្រសើរ ហើយយើងធ្វើបានមែន»។

ជាមួយគ្នានោះ ឯកឧត្តមបានរកឃើញពីមូលហេតុដែលនាំឱ្យមានបទល្មើសនានា បណ្តាលមកពីល្បែងស៊ីសង ការប្រើគ្រឿងញៀន និងការជួញដូរមនុស្សជាដើម។យើងបានរកឃើញហើយថា បទល្មើសកើនព្រោះអ្វីបទល្មើសថយព្រោះអ្វីយើងវាយតម្លៃបានហើយ។ ដូច្នេះយើងដាក់ផែនការត្រូវបង្ក្រាបសកម្មភាពទាំងនោះ ហើយសង្ឃឹមថានៅឆ្នាំ ២០២៣ ធានាសន្តិសុខ​ សុវត្ថិភាព និងកាត់បន្ថយបទល្មើសច្រើនជាងនេះ។ ក្នុងរបាយការណ៍ដដែលរបស់រដ្ឋបាលខេត្តកណ្តាល បានឱ្យដឹងថា ជាមួយនឹងលទ្ធផលនៃការខិតខំប្រឹងប្រែងអនុវត្តការងាររបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព រដ្ឋបាលខេត្ត ទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយឆ្នាំ២០២២ ក្នុងចំណោម

១២៧ឃុំ/ សង្កាត់ទូទាំងខេត្ត ឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ១ មានចំនួន ១១៨ឃុំ/សង្កាត់ ចំណាត់ថ្នាក់ប្រភេទលេខ២ ចំនួន៩ឃុំ/សង្កាត់ និងចំណាត់ថ្នាក់ប្រភេទលេខ៣ មិនមាន ធៀបនឹងឆ្នាំ២០១៨ ឃុំ/សង្កាត់ ទទួលបានចំណាត់ថ្នាក់លេខ១ មានចំនួន ៥០ ឃុំ/សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ៦៩ឃុំ/សង្កាត់ និងចំណាត់ថ្នាក់ប្រភេទលេខ ៣ ចំនួន៨ ឃុំ/សង្កាត់៕

ដោយ៖សុខ រក្សា

ads banner