សមាជិក ប.ស.ស. បានប្រើប្រាស់សេវាសុខាភិបាល កើនឡើងរហូតជាង៣០ភាគរុត្រឹមបីខែ ឆ្នាំនេះ

អត្ថបទដោយ៖
CPA

ភ្នំពេញ: មន្រ្តីជាន់ខ្ពស់នៃ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣នេះ សមាជិក ប.ស.ស. បានប្រើប្រាស់សេវាសុខាភិបាលមួយថ្ងៃជាងមួយម៉ឺនករណី មានការកើនឡើងប្រ មាជាង៣០ភាគរយ។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើង នៅក្នុងកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា រប ស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង កាសថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ ២ ០ ០ នាក់ លោក ម៉េង ហុង អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម បានលើកឡើងថា បច្ចុប្បន្ន ប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ជាក់ស្តែងដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ គឺមានការកើនឡើងរហូតជាង៣០ ភាគរយ។

លោកបន្តថារយៈពេលបីខែឆ្នាំនេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យា បាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូ ប្រមាណជាង មួយលានករណី ដែលគិតក្នុងមួយថ្ងៃជាង មួយម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះផងដែរ។

លោកបាន អះអាងដែរថា ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តជូនស មាជិករបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាពចុះកិ ច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀត ដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង។ ជាពិសេសជាមួយមូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួលក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែលមានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។

លោក ម៉េង ហុង ក៏បានបញ្ជាក់ ដែរថា កន្លងមកកិច្ចសហការរបស់មូលដ្ឋានសុខាភិបាល ជាមួយ ប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូចមិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវាជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេ សការទាមទារទូទាត់ថ្លៃសេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាលដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។

ពាក់ព័ន្ធនឹងរឿងនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបង្ហាញការសារទរចំពោះ ការកើនឡើងនៃសមាជិក ប.ស.ស. ទៅប្រើប្រាស់សេវាសុខាភិបាល ខណៈលោក ក៏បានជំរុញឱ្យស្ថាប័ននេះ ផ្តោតការយកចិត្តទុកដាក់ និងខិតខំពង្រឹងលើការអនុវត្តន៍លើរបបសន្តិសុខសង្គមឱ្យបានទូទាំងប្រទេស និងកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបានប្រាប់ថា វាជាការល្អដែលសមាជិកប.ស.ស. ទៅប្រើប្រាស់សេវាសុខាភិបាល ហើយយើងក៏ តែងតែជំរុញ ឱ្យ មាន ការអនុវត្ត ឱ្យ បានទូទាំងប្រទេស និងមានប្រសិទ្ធភាព ។

គួរបញ្ជាក់ថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេសសរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈ ចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤៕
ដោយ: សែម ពិសី

ads banner