របាយការណ៍ថ្មី៖ កូរ៉េខាងជើង ប្រហារជីវិត មនុស្សដោយសារ គ្រឿងញៀននិងការចែកចាយវីដេអូនានាដែលផ្សាយចេញពីកូរ៉េខាងត្បូង

ព្យុងយ៉ាង:
កូរ៉េខាងជើងប្រហារជីវិតមនុស្សដោយសារគ្រឿងញៀននិងការបង្ហាញចេតនាគាំទ្រកូរ៉េខាងត្បូង ព្រមទាំងសកម្មភាពជំនឿសាសនាផង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលដកស្រង់របាយការណ៍ពីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង។

នៅចុងខែមីនានេះក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង ចេញរបាយការណ៍កម្រាស់៤៥០ទំព័រស្តីពីសក្ខីកម្មដែលប្រមូលបាននៅចន្លោះឆ្នាំ ២០១៧ដល់ឆ្នាំ ២០២៣ពីជនជាតិកូរ៉េខាងជើងជាង៥០០ នាក់ដែលបានរត់ចោលស្រុកចូលទៅកូរ៉េខាងត្បូង។

របាយការណ៍នោះបានបង្ហាញ«សិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋកូរ៉េខាងជើងហាក់ដូចជាត្រូវបានគំរាមកំហែងយ៉ាងខ្លាំង»។

របាយការណ៍បន្តថា «ការកាត់ទោសត្រូវបានអនុវត្តជាទូទៅចំពោះ ឧក្រិដ្ឋកម្មគ្រឿងញៀន ការចែកចាយវីដេអូនានាដែលផ្សាយដោយកូរ៉េខាងត្បូង និងសកម្មភាពសាសនានិងអបិយជំនឿ»។

ទីភ្នាក់ងារReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវការរកឃើញរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងនោះទេ ប៉ុន្តែពួកគេស្របតាមការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ និងរបាយការណ៍ពីអង្គការមិនមែនរដ្ឋាភិបាល។ប្រទេសកូរ៉េខាងជើងបានច្រានចោលចំពោះរិះគន់ទាំងអស់នេះ។

របាយការណ៍របស់កូរ៉េខាងត្បូងបានផ្តល់ព័ត៌មានលម្អិតអំពីការរំលោភសិទ្ធិដែលរីករាលដាលនៅក្នុងសហគមន៍ ជំរុំពន្ធនាគារ និងកន្លែងផ្សេងទៀត រួមទាំងការប្រហារជីវិតជាសាធារណៈ ការធ្វើទារុណកម្ម និងការចាប់ចងតាមអំពើចិត្ត។

កូរ៉េខាងត្បូងបាននិយាយថា ការស្លាប់ និងការធ្វើទារុណកម្មកើតឡើងជាទៀងទាត់នៅក្នុងមន្ទីរឃុំឃាំង ហើយមនុស្សមួយចំនួនត្រូវបានប្រហារជីវិតភ្លាមៗ បន្ទាប់ពីត្រូវបានចាប់ខ្លួនពេលដែលអ្នកទាំងនោះ ព្យាយាមឆ្លងព្រំដែន។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol បាននិយាយថា របាយការណ៍នេះគួរតែជូនដំណឹងដល់សហគមន៍អន្តរជាតិអំពីការរំលោភបំពានដ៏អាក្រក់របស់កូរ៉េខាងជើងទៅលើពលរដ្ឋ ។ លោកនិយាយថា កូរ៉េខាងជើងមិនសមទទួលបានជំនួយសេដ្ឋកិច្ចសូម្បីតែមួយកាក់មួយសេន ស្របពេលដែលប្រទេសនេះនៅមានមហិច្ឆតានុយក្លេអ៊ែរ។

ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol សព្វថ្ងៃខុសប្លែកពីអ្នកកាន់តំណែងអាណត្តិមុនដោយសារគាត់តែងបញ្ចេញវោហារសាស្ត្រខ្លាំងៗទៅកាន់ប្រទេសកូរ៉េខាងជើង។ផ្ទុយពីប្រធា នាធិបតីអាណត្តិមុនដែលមានជំហរទន់ភ្លន់ចំពោះកូរ៉េខាងជើង ព្រមទាំងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយមេដឹកនាំលោក Kim Jong Un ។

ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបង្ហាញថា ប្រជាជនកូរ៉េខាងជើងជិត ៣៤ ០០០នាក់បានតាំងទីលំនៅក្នុងប្រទេសកូរ៉េខាងត្បូង ប៉ុន្តែចំនួនអ្នករត់ចោលស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារកូរ៉េខាងជើងបាន រឹតបន្តឹងសន្តិសុខតាមព្រំដែនកាន់តែតឹងរ៉ឹង។ ទិន្នន័យរបស់ក្រសួង បានបង្ហាញថាពលរដ្ឋកូរ៉េខាងជើង ៦៣ នាក់បានរត់ឆ្លងព្រំដែនចូលមកកូរ៉េខាងត្បូងកាលពីឆ្នាំ២០២១ ចំណែកនៅឆ្នាំ២០២២មានពលរដ្ឋកូរេខាងជើង៦៧រត់ឆ្លងព្រំដែនចូលមកសុំសិទ្ធិរស់នៅក្នុងកូរ៉េខាងត្បូង៕
ប្រែសម្រួល:វណ្ណ ស័ក្កិ

ads banner