ប៉ុល ពត-តាម៉ុក ដល់ផ្លូវបំបែក

បន្ទាប់ពីបាត់បង់តំបន់ប៉ៃលិន និងសំឡូត នៅដើមខែតុលា ឆ្នាំ១៩៧៦ ប៉ុល ពត បានវាយសារទូរលេខមួយពីអន្លង់វែង បញ្ជាឱ្យ តាម៉ុក រៀបចំកម្លាំងវាយយកតំបន់សំឡូតមកវិញ ហើយតាម៉ុក បានឆ្លើយតបដោយសរសេរថា «ប្រសិនបើលោកឯងពូកែច្បាំង អញ្ជើញមកច្បាំងខ្លួនឯងចុះ ព្រោះឥឡូវនេះ យើងលំបាកស្ទើរដាច់ខ្យល់ទៅហើយ យើងមិនអាចរកអ្វីហូបបានទេ»។ ប៉ុល ពត បានឃើញហើយ ខឹងសម្បារជាខ្លាំង ហើយបានសរសេរសារតបវិញថា «សូមធ្វើអ្វីដែលលោកអាចធ្វើកើតតាមសមត្ថភាពទៅបានហើយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សូមនៅនឹងភ្នំនោះសិនហើយ កុំអាលវិលត្រឡប់មកអន្លង់វែងវិញឱ្យសោះ»។ នេះជាលើកទី១ហើយ ដែលគេបានឃើញតាម៉ុក និងប៉ុល ពត ប្រើភាសាគ្រោតគ្រាធយ៉ាងនេះដាក់គ្នា ពីព្រោះមេដឹកនាំខ្មែរក្រហមទាំងពីរនេះ រាប់អាននិងស្រឡាញ់ប្តូរផ្តាច់គ្នាណាស់។ ចាប់តាំងពីពេលនោះមក បានធ្វើឱ្យមនុស្សដែលធ្លាប់តែដើរតាមគន្លងអ្នកទាំងពីរ ក៏ត្រូវចែកផ្លូវដើរផ្សេងៗពីគ្នាផងដែរ។

ក្រោយពីមានអរិយភាពជាមួយគ្នា ប៉ុល ពត បានដកសេចក្តីទុកចិត្តពីតាម៉ុក ហើយតាម៉ុកក៏បានដកសេចក្តីទុកចិត្តពីប៉ុល ពត ដែរ ព្រោះតាម៉ុក មើលឃើញថា ប៉ុល ពត បានប្រើមនុស្សជំនិតម្នាក់របស់គាត់ឈ្មោះ សារឿន ជាអ្នកចាត់ចែងធ្វើការងារជំនួសតាម៉ុកទាំងអស់នៅអន្លង់វែង។

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក បានធ្វើដំណើរទៅបង្ហាញមុខឱ្យអ្នកភូមិនៅអន្លង់វែង ដែលជាការបង្ហាញវត្តមានលើកដំបូងបំផុត ចាប់តាំងពីគាត់បានមកដល់អន្លង់វែងវិញកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៦។ អ្នកភូមិជាច្រើនបាននាំគ្នាចោមរោម សាកសួរសុខទុក្ខតាម៉ុក ដែលគាត់នៅតែមានប្រជាប្រិយភាពដដែល ទោះបីជាបានបាត់មុខជាយូរពីអ្នកភូមិអន្លង់វែងក៏ដោយ។ តាម៉ុក បានរៀបចំធ្វើកិច្ចប្រជុំមួយភ្លាមនៅថ្ងៃនោះ ដោយបានប្រើសម្តីវាយប្រហារប៉ុល ពត និងសារឿន។

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក បានប្រាប់លោក ខឹម ង៉ុន ឱ្យហៅ សុន សេន មកស្នាក់នៅជាមួយគាត់នៅក្នុងភូមិអន្លង់វែង ប៉ុន្តែ សុន សេន នៅតែបដិសេធដោយនិយាយថា គាត់រស់នៅកន្លែងចាស់នេះសុខសប្បាយហើយ។ សុន សេន ស្នាក់នៅជាមួយគ្រួសារគាត់ ដែលមានសមាជិក១០នាក់ រួមទាំងកូន និងងចៅផង។ តាម៉ុក ដឹងថា នឹងអាចមានរឿងមិនល្អកើតឡើង ទើបគាត់បបួល សុន សេន មកស្នាក់នៅជាមួយគាត់ក្នុងភូមិអន្លង់វែង ដោយសារតែនៅទីនោះ គ្មានអ្នកណាជួយការពារបានទេ។

នៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី០៩ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត បានបញ្ជូនកម្លាំង៣០នាក់ ដឹកនាំដោយមនុស្សជំនិតរបស់គាត់ គឺ សារឿន នឿន វ៉ែន និងមនុស្ស២នាក់ទៀត ធ្វើដំណើរតាមរថយន្ត២គ្រឿង ទៅកាន់ផ្ទះ សុន សេន។ កងការពារប៉ុល ពត ឈ្មោះ ង៉ែត បានស្រែកហៅ សុន សេន ថា ប៉ុល ពត បានអញ្ជើញគាត់និងគ្រួសារឱ្យទៅប្រជុំ។ សុន សេន បានស្រែកសួរវិញថា ហេតុអ្វីបានជាត្រូវទៅប្រជុំនាពេលយប់ថ្មើរនេះ? គ្មាននរណាម្នាក់ឆ្លើយតបវិញទេ។ គ្មានចម្លើយ សុន សេន បានស្រែកទៅទៀតថា «អ៊ីចឹងចាំពូស្លៀកពាក់ឱ្យសមរម្យបន្តិចសិន»។ ក្រុមគ្រួសារ សុន សេន បានស្លៀកពាក់ស្អាតបាត ហើយនៅពេលចុះជណ្តើរ ស្រាប់តែគេចាប់ផ្តើមបាញ់ សុន សេន មុនគេតែម្តង។ គ្រួសារ សុន សេន ទាំងអស់ត្រូវបាញ់សម្លាប់ចោល ចំណែកកូនស្រី និងចៅស្រី ត្រូវបានចាប់រំលោភ និងបាញ់សម្លាប់បន្ទាប់មកទៀត។ ការសម្លាប់គ្រួសារ សុន សេន មួយពូជ ដោយសារប្អូនប្រុសរបស់លោក គឺ នី កន បានចុះចូលជាមួយរាជរដ្ឋាភិបាល និងចោទថា សុន សេន បម្រុងនឹងចុះចូលជាមួយរាជរដ្ឋាភិបាល។

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៧ អ្នកភូមិនៅអន្លង់វែង បានដឹងរឿងឃាតកម្មដ៏ឃោរឃៅលើក្រុមគ្រួសារ សុន សេន។ មនុស្សទាំងឡាយដែលធ្លាប់គាំទ្រប៉ុល ពត បានថ្កោលទោសប៉ុល ពត ចំពោះភាពសាហាវនោះ ហើយពួកគេបានងាកមករកការគាំទ្រតាម៉ុកវិញម្តង។ ពេលនោះ ប៉ុល ពត បានរត់ភៀសខ្លួនឆ្ពោះទៅកាន់ភ្នំមួយនៅខាងកើតអន្លង់វែង។ ប៉ុល ពត បានយកស្ថានីយ៍វិទ្យុផ្សាយចល័តខ្មែរក្រហមជាមួយអ្នកគាំទ្រខ្លួនទៅជាមួយ និងមានរថយន្ត១៥គ្រឿងផង។ នៅពេលដែលកម្លាំងតាម៉ុក ដេញតាមប្រកិតពីក្រោយ ប៉ុល ពត បានបញ្ជាឱ្យកម្ទេចរថយន្តទាំងអស់ចោល និងបន្តភៀសខ្លួនដោយថ្មើរជើងកាត់ព្រៃរហូតឆ្ពោះទៅប្រទេសថៃ ជាមួយលោក ខៀវ សំផន ដែលជាមនុស្សស្មោះត្រង់នឹងប៉ុល ពត។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត ត្រូវបានចាប់ខ្លួន និងបង្ខាំងទុកក្នុងគុក ហើយមនុស្សជំនិតរបស់ប៉ុល ពត ត្រូវ តាម៉ុក សម្លាប់ចោលទាំងអស់។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៧ តុលាការមួយឈ្មោះ «តុលាការប្រជាជន» ត្រូវបានបង្កើតឡើងក្រោមបញ្ជារបស់តាម៉ុក ដើម្បីកាត់ទោសប៉ុល ពត។ ប៉ុល ពត ត្រូវបានចោទប្រកាន់ពីបទសម្លាប់ សុន សេន អស់មួយពូជ។ តុលាការប្រជាជន របស់តាម៉ុក បានសម្រេចកាត់ទោសយក ប៉ុល ពត ទៅដាក់នៅក្នុងផ្ទះអស់មួយជីវិត។

ប៉ុល ពត បានស្លាប់ក្នុងអាយុ ៧៣ ឆ្នាំ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨។ ខ្មោចរបស់ប៉ុល ពត ត្រូវបានដុតនឹងកៅស៊ូកង់ឡានចាស់ៗ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៩៨ ដោយមិនបានធ្វើពិធីបុណ្យតាមប្រពៃណីជាតិខ្មែរនោះទេ៕ (ប្រភព៖យុទ្ធសាស្ត្រឌីហ្វីដតេជោសែន នៃកម្ពុជា)

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ប្រវត្ដិសាស្រ្ដកម្ពុជា #ដំណើរកម្ពុជា #ប៉ុលពត #តាម៉ុក #កម្ពុជាប្រជាធិបតេយ្យ #ពាលស៊ីពាល

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner