សម្ដេចតេជោ ហ៊ុន សែន៖ អ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម ទៅប្ដូរយកលុយវិញ ខណៈ CAMSOC ចេញប្រកាសឱ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យអ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេម ទៅប្ដូរយកលុយវិញ ខណៈអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានចេញប្រកាសឱ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយដោយមិនគិតថ្លៃ ។

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងប្រាប់បណ្ដាញព័ត៌មានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសប្រាប់ដល់អ្នកដែលបានទិញសំបុត្រចូលទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ឲ្យយកសំបុត្រទៅប្ដូរយកប្រាក់មកវិញ ហើយអ្នកដែលលក់សំបុត្រត្រូវទទួលខុសត្រូវ សងលុយជូនប្រជាពលរដ្ឋវិញ ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ពីការអនុញ្ញាតឲ្យចូលទស្សនាការប្រកួត និងផ្តល់សិទ្ធិផ្សព្វផ្សាយ ដោយមិនគិតថ្លៃ។

សេចក្តីជូនដំណឹងបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេចក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ដូចតទៅ៖

១៖ ការចូលទស្សនាព្រឹត្តិការណ៍បើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ គឺត្រូវបានអនុញ្ញាតឱ្យចូលទស្សនា ដោយឥតគិតថ្លៃ ដោយមិនមានការលក់សំបុត្រទាំងភ្ញៀវជាតិ-អន្តរជាតិ។

២៖ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានអនុញ្ញាតមិនយកថ្លៃ ចំពោះការផ្តល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡាទាំងក្នុង និងក្រៅប្រទេស ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner