នាយឧត្តមសេនីយ៍ សំ វណ្ណថន ៖ ធនធានមនុស្ស គឺជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន
ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាលជំនាន់ទី២ ឆ្នាំ២០២១ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានលើកឡើងថា ធនធានមនុស្ស គឺជាសម្បត្តិដ៏មានតម្លៃបំផុតក្នុងដំណើរកសាងសង្គមជាតិមួយឱ្យមានការរីកចម្រើន ។

នាយឧត្តមសេនីយ៍ បន្តថា ជាក់ស្តែងនៅក្នុងវិស័យការពារជាតិ ការកសាងធនធានមនុស្ស គឺជាកត្តាចម្បង បំផុតក្នុងកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ ដែលទាមទារឱ្យមានការវិនិយោគប្រកបដោយ គុណភាពខ្ពស់ ក្នុងការពង្រឹងសមត្ថភាព ការអប់រំក្រមសីលធម៌វិជ្ជាជីវៈ ពង្រឹងស្មារតីស្នេហាជាតិស្មោះត្រង់ និងមានសាមគ្គីភាពរឹងមាំ ដើម្បីប្រមូលផ្តុំនូវគំនិតបញ្ញា ស្មារតីរួមគ្នាជាធ្លុងមួយក្នុងកិច្ចការបម្រើជាតិមាតុភូមិ។

ឧត្តមសេនីយ៍ទោ ហៀ ហ៊ីន នាយក មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃ ខ.ភ.ម បានឲ្យដឹងថា វគ្គនេះ មានសិក្ខាកាមចំនួន ២០៩នាក់ ដែលជានាយទាហានមកពីតាមបណ្តាអង្គភាពចំណុះក្រសួងការពារជាតិ និអគ្គបញ្ជាការដ្ឋាន។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល១២ខែ ចាប់ផ្តើពីខែកញ្ញា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២, ដោយផ្តោតលើខ្លឹមសារមេរៀនសំខាន់ៗ ចំនួន១៨មុខវិជ្ជា ។ ឆ្លងកាត់ការសិក្សាអស់រយៈពេល១២ខែមកនេះ មានសិក្ខាកាម ២០៣រូបបានបញ្ចប់វគ្គដោយជោគជ័យ ។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា លទ្ធផលដែលសម្រេចបានក្នុងវគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែបញ្ជាក់ពីការជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់មជម្ឈមណ្ឌលការងាររដ្ឋបាល និងការខិតខំប្រឹងប្រែងរបស់សិក្ខាកាមនោះទេ ប៉ុន្តែ វាជាជោគជ័យរួមមួយរបស់ក្រសួងការពារជាតិ និងសម្រាប់ប្រទេសជាតិដែលទទួលបានធនធានមនុស្សបន្ថែមទៀត ដើម្បីមានលទ្ធភាពក្នុងការបំពេញភារកិច្ចជូនអង្គភាព និងឈានឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់ ៕ ប្រភព៖ក្រសួងកាពារជាតិ


