អភិបាលខេត្តកណ្ដាល ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ
ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ជូនអ្នកកាន់កាប់ដី ស្ថិតនៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាលកាលពីថ្ងៃទី៤ខែមេសាឆ្នាំ២០២៣
ឯកឧត្តម គង់ សោភ័ណ្ឌ បានឱ្យដឹងថា ការទទួលបានប័ណ្ណនាឱកាសនេះ គឺមានតម្លៃណាស់សម្រាប់ប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមខិតខំថែរក្សាដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។
ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវស្មារតីយកចិត្តទុកដាក់ខិតខំអនុវត្តតួនាទីភារកិច្ច បម្រើសេវាជូនប្រជាពលរដ្ឋ របស់មន្ត្រីចុះបញ្ជីទាំងអស់ មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន ចូលរួមអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលបានខិតខំពុះពាររាល់ការលំបាករហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាពេលនេះ។ សកម្មភាពនេះ ក៏ជាការរួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី។
ឯកឧត្តមអភិបាលខេត្ត បន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។ ដូច្នេះការផ្ដល់កម្មសិទ្ធិដីធ្លីនេះ គឺពិតជាបានរួមចំណែកជំរុញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំបង្កើនផលិតភាព ក៏ដូចជា ការវិនិយោគក្នុងវិស័យកសិកម្ម ឱ្យកាន់តែកើនឡើងថែមទៀត។
នាឱកាសនោះ លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា ការចុះបញ្ជីរួចរាល់ ក្នុងភូមិកោះរះលើ និងភូមិកោះរះក្រោម ដែលធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនម្ចាស់កម្មសិទ្ធិ មានចំនួន ១,៩៨៥ក្បាលដី ក្នុងនោះ ភូមិកោះរះលើ ចំនួន ១,៣១៨ក្បាលដី និងភូមិកោះរះក្រោម ចំនួន ៦៦៧ក្បាលដី ៕ ដោយ-រ៉ាវុធ