សម្តេចតេជោចេញសារអន្តរាគមន៍ ក្រោយក្តីបារម្ភជម្លោះពាក្យសម្តីក្នុងបណ្តាញសង្គម អាចបង្កជាកំហឹងវណ្ណៈ (Video Inside)

ក្តីបារម្ភជុំវិញសម្តីអាចបង្កឱ្យមានកំហឹងវណ្ណៈក្នុងសង្គមតាមរយៈការឆ្លើយឆ្លងគ្នាមិនទាន់ចប់ តាមបណ្តាញសង្គមជាមួយនឹងពាក្យសម្តីរបស់ស្ត្រីនាំមុខក្នុងការធ្វើជំនួញឈ្មោះ តាំង ហ្គិចលាង បានប្រញាប់ឱ្យសម្តេចនាយករដ្ឋមន្ត្រីចេញសារអន្តរាគមន៍។

ក្តីបារម្ភជុំវិញសម្តីញុះញង់ និងការអាចឈានដល់ការផ្ទុះកំហឹងវណ្ណៈនេះ បានកើតឡើងក្រោយសម្តីរបស់លោកស្រី តាំង ហ្គិចលាង ជាមួយនឹងពលរដ្ឋក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងការបោះពាក្យសម្តីអំពីអ្នកក្រ គីឡូស្រាល និងអ្នកមាន គីឡូធ្ងន់។

សម្តេចតេជោ ហ៊ុន សែន ក្នុងសារសម្លេងមួយបង្ហោះនាយប់ថ្ងៃទី៥មេសា បានស្នើបញ្ឈប់ការប្រើភាសាទាំងនេះ បន្ទាប់ពីលោកស្រី តាំង ហ្គិចលាង បានចេញវីដេអូចុងក្រោយមួយ សុំទោសជាសាធារណៈ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ក្នុងសារសម្លេងថា សម្តេចតែងតែឈរនៅជាមួយនឹងប្រជាពលរដ្ឋជាប់ជានិច្ច និងសម្តេចបានប្រាប់លោកស្រី តាំង ហ្គិចលាង ត្រូវបញ្ឈប់ការចេញសារតាមវីដេអូ និងយកបទពិសោធន៍ដ៏ខុសឆ្គងនេះ ដើម្បីការរៀននិយាយសាឡើងវិញ កុំឱ្យប៉ះទង្គិចដល់គ្រឹះមូលដ្ឋានរបស់ជាតិ ដែលនោះគឺប្រជាជន។

កម្ពុជាធ្លាប់ឆ្លងកាត់នូវការផ្ទុះឡើងនៃកំហឹងវណ្ណៈនេះ ជាពិសេសក្នុងអតីតកាលសម័យសង្គ្រាមស៊ីវិល ដែលកំហឹងវណ្ណៈនោះហើយ គឺជាផ្នែកមួយ នៃការបង្កភាពបះបោរ ចលាចលក្នុងសង្គម និងក្រោយមកកំហឹងវណ្ណៈនោះ ត្រូវបានរបបដឹកនាំខ្មែរក្រហម បានជះកំហឹងដាក់មកលើ «ពលរដ្ឋជម្លៀស១៧មេសា» ដែលពួកគេបានទទួលរងនូវការធ្វើបាប និងអំពើសម្លាប់រង្គាល ក្នុងអតីតកាល នៃរបបដឹកនាំរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្នុងជំនាន់របបកម្ពុជាប្រជាធិបតេយ្យ។

ads banner