អាជ្ញាធរត្រៀមពង្រាយកម្លាំងសមត្ថកិច្ច១០ម៉ឺននាក់ ក្នុងកិច្ចការពារការបោះឆ្នោតសកល (Video Inside)

ប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត សម្តេចក្រឡាហោម ស ខេង បានថ្លែងថាគេគ្រោងពង្រាយកម្លាំងមានសមត្ថកិច្ចប្រមាណ១០ម៉ឺននាក់ ក្នុងការត្រៀមរៀបចំការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។

ប្រសាសន៍បញ្ជាក់នូវតួលេខដាក់ពង្រាយកម្លាំងនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៧ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ បានថ្លែងទៀតថា ក្រៅពីកម្លាំងសមត្ថកិច្ច១០ម៉ឺននាក់ ដែលជាកងកម្លាំងនគរបាលជាតិ, កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទនោះ គេនឹងគ្រោងពង្រាយកម្លាំងប្រជាការពារ ក្នុងរង្វង់ប្រមាណជាង២ម៉ឺននាក់ផងទៀត។

ក្នុងចំណោមកម្លាំង ដែលត្រៀមនោះ រួមមានកម្លាំងអន្ដរាគមន៍នៅនឹងកន្លែង, កងកម្លាំងការពារយុទ្ធនាការឃោសនាបោះឆ្នោត, កម្លាំងការពារការបោះឆ្នោត និងរាប់សន្លឹកឆ្នោត រួមទាំងការដឹកជញ្ជូនសន្លឹកឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ads banner