គជបអំពាវនាវការទប់ស្កាត់អំពើបំភិតបំភ័យ និងគំរាមកំហែង ក្នុងដំណាក់កាលរៀបចំបោះឆ្នោត (Video Inside)
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវអាជ្ញាធរសាធារណៈ ត្រូវទប់ស្កាត់រាល់អំពើបំភិតបំភ័យ គំរាមកំហែងដល់អ្នកបោះឆ្នោត និងបេក្ខជនសកម្មជនគណបក្សនយោបាយទាំងអស់ នៅក្នុងការបោះឆ្នោតខាងមុខនេះ។
ប្រសាសន៍អំពាវនាវរបស់លោក ប្រាជ្ញ ចន្ទ បានធ្វើនៅថ្ងៃទី៦មេសា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧។
លោក ប្រាជ្ញ ចន្ទ បានថ្លែងក្នុងពេលនោះថា «ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងការដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន «អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ ជំហរអព្យាក្រឹត ឥតលម្អៀង ក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារៈ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិរដ្ឋ ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយនោះឡើយ និងត្រូវទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យគំរាម កំហែងដល់បេក្ខជនសកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព»។
លោកបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តត្រូវសហការសម្របសម្រួល និងដោះស្រាយចំពោះបញ្ហាដែលអាចកើតមានក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត ។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខ នៃប្រជាពលរដ្ឋមានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួម មានជាង៩ លាន៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោត នៅទូទាំងប្រទេសមានជាង២ម៉ឺនការិយាល័យ៕