ខេត្តកំពតប្រកាសជាខេត្តទី១២ ដែលអស់គ្រាប់មីន (Video Inside)
ខេត្តកំពតត្រូវបានប្រកាសជាខេត្តទី១២ ដែលអស់គ្រាប់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ខណៈកម្ពុជានៅសល់ផ្ទៃដីមានមីនទំហំប្រមាណ ៥៦៣គីឡូម៉ែត្រក្រឡា ត្រូវបោសសម្អាតឲ្យអស់រហូតដល់ឆ្នាំ២០២៥។
ការប្រកាសបញ្ជាក់ថាខេត្តកំពតជាខេត្តអស់គ្រាប់មីន ពីក្នុងដីនេះ បានធ្វើឡើងក្នុងពិធីមួយ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
អនុប្រធានទី១ អាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងក្នុងឱកាសនោះថា ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៤ ដោយចូលរួមពីក្រុមប្រតិបត្តិករចំនួន ៣អង្គភាពរួមមាន៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា, មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust ដែលបានបោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥លាន ៦៦ម៉ឺន៦ពាន់ ១៤១ម៉ែត្រក្រឡា ដែលស្មើនឹង ២៥២ចម្ការមីន។
ក្នុងការបោសសំអាតនោះ គេបានរកឃើញ និងបានកំទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៤ពាន់៥៥៣គ្រាប់, មីនប្រឆាំងរថក្រោះ ចំនួន១១គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២ម៉ឺន៨ពាន់៨៧២ គ្រាប់ ដោយមានអ្នក ទទួលផលសរុបចំនួន ២២ម៉ឺន១ពាន់៤៤៣នាក់។
កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងគ្រាប់មិនទាន់ផ្ទុះទំហំ១ពាន់៨៨៥ គីឡូម៉ែត្រក្រឡាថែមទៀត ក្នុងនោះផ្ទៃដីមានមីនទំហំ ៥៦៣គីឡូម៉ែត្រក្រឡា និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩គីឡូម៉ែត្រក្រឡា និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតទំហំ ៥៩៣គីឡូម៉ែត្រក្រឡា ដែលកម្ពុជាបានប្តេជ្ញាថានឹងបោសសំអាតឱ្យអស់រលីងក្នុងឆ្នាំ២០២៥។