សម្តេចចក្រីប្រធានរដ្ឋសភាអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ គ្រឿង ឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភា នីតិកាលទី៦
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣ បានអញ្ជើញ ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿង ឥស្សរិយយស ជូនដល់សមាជិក សមាជិការដ្ឋសភា នីតិកាលទី៦ នៅវិមានរដ្ឋសភា។
ការផ្តល់គ្រឿងឥស្សរិយយសជូនសមាជិកសមាជិការដ្ឋសភានាពេលនេះ ដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ឧត្តុង្គឧត្តម ដែលបានបំពេញ ការងារជូនជាតិ និងប្រជាជន និងស្របតាមច្បាប់ដែលបានកំណត់។
គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូន ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភានាពេលនេះមាន គ្រឿង ឥស្សរិយយសជាតូបការ គ្រឿងឥស្សរិយយស ព្រះរាជាណា ចក្រ កម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសសម្តេច ព្រះមហាក្សត្រី យានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់ មហាសេរីវឌ្ឍន៍ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា គ្រឿងឥស្សរិយយសសម្តេចពញរះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរ័ត្ន ថ្នាក់មហាសេនា គ្រឿង ឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយស មុនី សារាភ័ណ្ឌថ្នាក់ធិបឌិន្ទ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា។
សូមជម្រាបថា រដ្ឋសភានីតិកាលទី៦ បានបើកសម័យប្រជុំដំបូង ក្រោម ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។ រដ្ឋសភានីតិកាលទី៦ បានបំពេញតួនាទី ក្នុងការបម្រើប្រជាពលរដ្ឋ ស្របតាមច្បាប់ ដែលមានភារកិច្ចសំខាន់ៗដូចជា ការងារនីតិកម្ម (ធ្វើច្បាប់) ការងារបោះឆ្នោតទុកចិត្ត និងការបោះឆ្នោតជ្រើសតំាង ភាពជាតំណាងប្រជាពលរដ្ឋ និងការឃ្លាំមើលការអនុវត្តច្បាប់។
រដ្ឋសភានីតិកាលទី៦ បានអនុម័តច្បាប់សំខាន់ៗបានចំនួន១០៩ គិតត្រឹមខែមីនា ឆ្នាំ២០២៣។ ក្រៅពីការតាក់តែងច្បាប់ ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភាបានខិតខំយកអស់កម្លាំងកាយចិត្ត ចុះ សួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមណ្ឌលដែលខ្លួនទទួលខុសត្រូវយ៉ាងសស្រាក់សស្រាំ និងបាននាំមកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជា ពលរដ្ឋ រួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អប្រសើរ។ នៅក្នុងនោះនីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានពង្រឹងវិស័យការទូតសភា គួរឱ្យកត់ សម្គាល់ផងដែរ៕
ដោយ៖ ថេត វិចិត្រ+ហេង សម្បត្តិ