ប្រធានាធិបតីបារាំង៖ អឺរ៉ុបមិនត្រូវដើរតាមអាមេរិក ឬចិនចំពោះបញ្ហាតៃវ៉ាន់នោះទេ
ប៉ារីស: ប្រធានាធិបតីបារាំង លោក អេម៉ា ណូអែលម៉ាក្រុង បានថ្លែងក្នុងបទសម្ភាសន៍មួយ ចេញផ្សាយកាលពី ថ្ងៃអាទិត្យ ថាអឺរ៉ុបមិនដើរតាមសហរដ្ឋអាមេរិក ឬចិនចំពោះបញ្ហានៅកោះតៃវ៉ាន់នោះទេ ព្រោះថាប្លុកអាចប្រថុយ នឹងការជាប់ពាក់ព័ន្ធនៅក្នុងវិបត្តិដែលមិនមែនជារបស់ខ្លួន។
ការលើកឡើងរបស់ លោក ម៉ា ក្រុង យ៉ាងដូច្នេះ ប្រថុយនឹងការមិនពេញចិត្តពី អាមេរិកនិងគូសបញ្ជាក់ពីការមិនចុះសម្រុងគ្នា អំពីរបៀបដែលអឺរ៉ុបមានគោលនយោបាយចំពោះចិន ខណៈក្រុងវ៉ាស៊ីនតោន ដែលជាសម្ព័ន្ធមិត្ត តៃវ៉ាន់កំពុងប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ជាមួយក្រុងប៉េកាំង ដែលកាន់តែជិតស្និទ្ធនឹងរុស្ស៊ី។
លោក ម៉ាក្រុង បាននិយាយក្នុងបទសម្ភាសន៍ជាមួយ កាសែតបារាំងLesEchos និងសារព័ត៌មានPolitico បន្ទាប់ពីត្រឡប់មកពីដំណើរទស្សនកិច្ចនៅក្រុងប៉េកាំងវិញថា ៖«អ្វីដែលអាក្រក់បំផុតគឺ ការគិតថាអឺរ៉ុបយើងត្រូវតែដើរតាមហើយសម្របខ្លួនយើង ទៅនឹងអាមេរិកនិងប្រតិកម្មហួសហេតុរបស់ចិន»។
ប្រធានាធិបតីបារាំង ដដែលបានលើកឡើងពី «ស្វ័យភាពជាយុទ្ធសាស្ត្រ» របស់សហភាពអឺរ៉ុបដោយនិយាយថា៖ «យើងត្រូវតែច្បាស់ពីទស្សនៈរបស់យើងដែលស៊ីគ្នាជាមួយអាមេរិក។ ប៉ុន្តែមិនថាវាទាក់ទងជាមួយនឹងអ៊ុយក្រែន ឬទំនាក់ទំនងជាមួយចិនឬទណ្ឌកម្មនោះទេយើងមានយុទ្ធសាស្ត្រអឺរ៉ុប ផ្ទាល់ខ្លួនរបស់យើង»។
មិនត្រឹមតែប៉ុណ្ណោះលោកម៉ាក្រុង បានបន្ថែមទៀតថា៖ «យើងមិនចង់ពាក់ព័ន្ធនឹងឡូហ្សិក «ប្លុកទល់នឹងប្លុកនោះទេ» ។លោកបន្តថា៖ «អឺរ៉ុបមិនគួរជាប់ក្នុងភាពមិនសុខស្រួលរបស់ពិភពលោកនិងវិបត្តិដែលមិនមែនជារបស់យើងនោះទេ»។
គួររំឭកថាវិបត្តិនៅតៃវ៉ាន់គឺ ជាបញ្ហាប្រឈមមុខគ្នាដោយដ៏ធំរវាង សហរដ្ឋអាមេរិកនិងចិនដែលទាមទារកោះតៃវ៉ាន់ ថាជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ខ្លួន។ ការថ្លែងរបស់ លោក ម៉ាក្រុង នាពេលនេះធ្វើឡើងចំពេលដែលភាពតានតឹងចុងក្រោយ កើនឡើងដោយសារតែការធ្វើសមយុទ្ធយោធារបស់ចិន ជុំវិញកោះតៃវ៉ាន់បន្ទាប់ពីប្រធានាធិបតី តៃវ៉ាន់ លោកស្រី សៃអ៊ីងវិន ជួបប្រជុំជាមួយប្រធានសភា សហរដ្ឋអាមេរិកលោកខេវិនម៉េកខាធីនៅសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន៕
ប្រែសម្រួល:ហួនឌីណា
ប្រភព៖ Macron says Europe must not be ‘follower’ of US, China on Taiwan