គណៈប្រតិភូអារ៉ាប៊ី សាអូឌីត នៅប្រទេសយេម៉ែន សម្រាប់កិច្ចចរចាសន្តិភាព ជាមួយពួកឧទ្ទាម
សាណា៖ ក្រុមប្រេសិតប្រទេស អារ៉ាប៊ី សាអូឌីត និងអូម៉ង់ បានបើកកិច្ចចរចាសន្តិភាព ជាមួយក្រុមឧទ្ទាម ហ៊ូស៊ី (Houthi) ក្នុងប្រទេសយេម៉ែន។
ក្រុមមន្ត្រីប្រតិភូអារ៉ាប៊ីសាអូឌីត និងអូម៉ង់ បានបើកកិច្ចចរចាសន្តិភាពជាមួយក្រុមមន្ត្រីហ៊ូស៊ី (Houthi) នៅក្នុងរដ្ឋធានីសាណា នៃប្រទេសយេម៉ែន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង អន្តរជាតិ ក្នុងគោលបំណងស្វែងរកការផ្សះផ្សា ដើម្បីបិទបញ្ចប់សង្រ្គាមក្នុងប្រទេសយេម៉ែនដែលអូសបន្លាយជាង៩ឆ្នាំមកនេះ។
ជំនួបខាងលើបានបង្ហាញពីភាពរីកចម្រើន នៅក្នុងកិច្ចសម្របសម្រួលប្រឹក្សាយោបល់រវាងទីក្រុងរីយ៉ាដ និងទីក្រុងសាណា ក្រោមការជួយជ្រោមជ្រែងពីអូម៉ង់ ស្របទៅតាមកិច្ចប្រឹងប្រែងស្វែងរក សន្តិភាពរបស់អង្គការសហប្រជាជាតិ។ កិច្ចចរចានៅពេលនេះផងដែរ ក៏មានសន្ទុះជាវិជ្ជមាន ចាប់តាំងពីអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ យល់ព្រមចុះកិច្ចព្រមព្រៀងសន្តិភាពស្ដារទំនាក់ទំនងការទូត នឹងគ្នាឡើងវិញ ក្រោមការសម្របសម្រួលពិចិន កាលពីពេលថ្មីនេះ។
បើតាមទីភ្នាក់ងារសារព័ត៌មានរបស់ក្រុមហ៊ូស៊ី សាបា (SABA) ប្រេសិតអារ៉ាប៊ីសាអូឌីត និងអូម៉ង់ បានធ្វើដំណើរទៅដល់ទីក្រុងសាណាកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយគ្រោងនឹង ពិភាក្សាជាមួយប្រធានឧត្តមក្រុមប្រឹក្សានយោបាយហ៊ូស៉ី សំដៅរកច្រកចេញបញ្ចប់ជម្លោះ និងការលុបចោលការបិទខ្ទប់កំពង់ផែយេម៉ែន ពីសំណាក់អារ៉ាប៊ីសាអូឌីត ក៏ដូចជាការដោះដូរ អ្នកទោសជាដើម។ ប៉ុន្តែ ខាងអារ៉ាប៊ីសាអូឌីតមិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយហ៊ូស៊ី៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត