តំណាងស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកិច្ចប្រជុំប្រចាំខែ និងលើកទិសដៅបន្តជាមួយក្រុមការងារផ្តល់សេវាជូនពលរដ្ឋដល់ខ្នងផ្ទះ
ភ្នំពេញ ៖ ជំនួយការ និងជាតំណាងឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានដឹកនាំកិច្ចប្រជុំប្រចាំខែមិនា និងលើកទិសដៅសម្រាប់ខែបន្ត ជាមួយក្រុមការងារផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដែលផ្តួចផ្តើមគំនិតបង្កើតឡើងដោយឯកឧត្តម ស ថេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
តាមរបាយការណ៍បានឲ្យដឹងថា ឯកសារពាក់ព័ន្ធដែលបានធ្វើរួចនៅសង្កាត់ និងបានយកជូនដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងខែមីនា ឆ្នាំ២០២៣ មានសរុបចំនួន ១៣៥ច្បាប់។ លទ្ធផលការងារសរុបចាប់ពីខែកក្កដា ២០២២ ដល់ ខែមីនា ឆ្នាំ២០២៣ ឯកសារដែលបានយកជូនដល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៩៨៩ច្បាប់។
ទិសដៅអនុវត្តការងារបន្ត៖ បន្តយកចិត្តទុកដាក់ចំពោះការផ្តល់សេវាជូនប្រជាពលរដ្ឋតាមដល់ខ្នងផ្ទះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់, ផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស ថេត ក្នុងការយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ, ចូលឱ្យដល់គ្រប់តំបន់ដើម្បីបានដឹងពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន, លើកទឹកចិត្តប្រជាពលរដ្ឋឱ្យជួយថែទាំសមិទ្ធផលនានាដែល ឯកឧត្តម ប្រធាន បានផ្តល់ជូននាពេលកន្លង រួមមានផ្លូវបេងតុង សាលាបុណ្យ អំពូលសូឡា ។ល៕ ដោយ ស៊ូ ប៊ុនធី និង ភារ៉ា