សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បុគ្គលិកដែលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យត្រូវបានរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុក្ខដាក់
ខេត្តព្រះសីហនុ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល ជាមួយ មេការ និងអ្នកគ្រប់គ្រងនៅតាមសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ សរុបចំនួន ៨៥៥នាក់ នៅខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាង ជាពិសេសបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យនាពេលនេះ ។
សម្តេចបានបន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការខាងផ្នែករដ្ឋបាលសង្គម និងសេដ្ឋកិច្ច ជាបន្តបន្ទាប់ ដោយបាន ផ្តល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រី និងក្រុមជនងាយរងគ្រោះ កម្មករ កម្មការិនី រួមទាំងក្មួយៗ បងប្អូនជនក្រីក្រ តាមរយៈ ការដាក់ចេញនូវគោល នយោបាយជាតិគាំពារសង្គម ដែល រួមមាន៖ ការដាក់ចេញនូវវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើន មូលធនថវិកាសាច់ប្រាក់ពលកម្ម ដើម្បីជួយកម្មករ និយោជិតដែលបានព្យួរការងារ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងពេលកូវីដ ១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិក ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ កម្មវិធីហិរញ្ញប្បទានពិសេសជួយស្ដារលទ្ធភាព និងការលើកកម្ពស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម ជាដើម ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ជូនដល់បុគ្គលិកដែលបានចូលរួមចំនួន ៨៥៥នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល និង កាបូប ១ ៕ ដោយ ៖ ថេត វិចិត្រ