អាមេរិក​​ រក​​ប្រភពដែល​​ធ្វើ​ឱ្យ​​​បែក​ធ្លាយ​ឯកសារ​​សម្ងាត់​កម្រិត​ខ្ពស់​

អាមេរិក៖មន្រ្តី​សហរដ្ឋ​​អាមេរិកកំពុង​ស្រាវ​ជ្រាវ​រក​ប្រភព​​ដែល​​​ធ្វើ​​​ឱ្យ​​ឯកសារ​​យោធា​និង​ចារកម្ម​សម្ងាត់​កម្រិត​ខ្ពស់​បែ​ក​ធ្លាយ​នៅ​លើ​អ៊ិនធឺណិត​ ​ខណៈ​អ្នក​ជំនាញ​អះ​អាង​ថា​ វា​អាច​ជា​ជន​ជាតិ​អាមេរិកាំង​ណា​ម្នាក់​ ដែល​ធ្វើ​ឱ្យ​បែ​ក​ធ្លាយ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១០ ខែមេសា​នេះ​។

​ក្រុម​មន្ត្រី​​អាមេរិក​​បាន​ឱ្យ​ដឹង​ថា​ វិសាល​ភាព​នៃ​​​ឯក​សារ​សម្ងាត់​ មាន​រាប់​ទាំង​ពី​ព័ត៌មាន​ទាក់​ទង​នឹង​អ៊ុយក្រែន​​ ចិន​ ​​មជ្ឈិម​បូព៌ា ​និង​អាហ្វ្រិក​។

​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​មន្ទីរ​បញ្ជកោណ​ លោក​​ ម៉ៃឃើល មូលរ៉យ(Michael Mulroy) ​បាន​ប្រាប់​រ៉យទ័រ​ក្នុង​បទ​សម្ភាសន៍​ថា​៖ «​គេ​ផ្ដោត​ទៅ​​​​​លើ​​អាមេរិក​ផ្ទាល់​ចំពោះ​ការ​លេច​ធ្លាយ​​ ព្រោះ​ឯកសារ​ជា​ច្រើន​មាន​តែ​នៅ​ក្នុង​ដៃ​របស់​សហរដ្ឋ​អា​មេរិក​ប៉ុណ្ណោះ»​។

​បើ​តាម​ការ​រាយការណ៍​​​របស់​រ៉យទ័រដដែល​ក្រុម​មន្ត្រី​អាមេរិក​បាន​និយាយ​ថា​ ការ​ស៊ើប​អង្កេត​កំពុង​​ស្ថិត​ក្នុង​ដំ​ណាក់​កាល​ដំបូង​ ​ហើយ​អ្នក​ដែល​រៀប​ចំ​ការ​ស៊ើប​អង្កេត​ មិន​បាន​ច្រាន​ចោល​ពី​លទ្ធភាព​ដែល​ថា​​អ្នក​មាន​ទំ​នាក់​ទំនង​ជាមួយ​រុស្ស៊ី​ អាច​នៅ​ពី​ក្រោយ​ការ​បែក​ធ្លាយ​នោះ​ទេ​។

គួរ​បញ្ជាក់​ថា​ ការ​បែក​ធ្លាយ​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​បំពាន​ផ្នែក​សន្តិសុខ​ដ៏​ធ្ងន់​ធ្ងរ​បំ​ផុត​មួយ​​​​ រាប់​តាំង​ពី​ការ​លេច​ធ្លាយ​​ឯកសារ ​វីដេអូ ​និង​ព័ត៌មាន​ការ​ទូត​ជាង​ ៧០០ ០០០ សំណុំ​នៅ​លើ​អ៊ិនធឺ​ណិត​ក្នុង​ឆ្នាំ​ ២០១៣​។ ​ ​​ ​មន្ត្រី​អាមេរិក​​ពីរ​រូប​ ដែល​​រ៉យទ័រ​មិនបាន​​បញ្ជាក់​ឈ្មោះ​ បាន​និយាយ​កាល​ពី​​ថ្ងៃ​អាទិត្យ​ថា​ ​​​អាមេរិក​​មិន​បាន​ច្រាន​ចោលការណ៍​ដែល​​ថា ​

ឯកសារ​សម្ងាត់​បែក​ធ្លាក់ចុង​ក្រោយ​អាចត្រូវ​បាន​គេ​ក្លែង​បន្លំ ​ដើម្បី​​​​បំភាន់​អ្នក​ស៊ើប​អង្កេត​អំពី​ប្រភព​ដើម​​ ឬ​ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​​ដែល​អាច​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ នោះ​ទេ​។​​

​ប្រភព​ដដែល​​ថា ​យោធា ​និង​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ កំពុង​ពិនិត្យ​មើល​ដំណើរការ​របស់​ខ្លួន​ ថា​តើ​​​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​មួយ​ចំនួន​ ត្រូវ​បាន​ចែក​រំលែក​ផ្ទៃ​ក្នុង​យ៉ាង​ទូលំ​ទូលាយ​ប៉ុណ្ណា​។​

​មន្ត្រី​ម្នាក់​ក្នុង​ចំណោម​ទាំង​ពីនាក់​ បាន​​អះ​អាង​បន្ថែម​ថា​ ក្រុម​មន្ត្រី​អាមេរិក​ក៏​កំពុង​សម្លឹង​មើល​​ពី​​កត្តា​ជំរុញ​លើក​ទឹក​ចិត្ត​ដែល​ធ្វើ​ឱ្យ​​​​​​​មន្ត្រី​អាមេរិក​ ឬ​ក្រុម​មន្ត្រី​​ណា​មួយ​ពាក់​​ព័ន្ធ​នឹង​​​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​រសើប​បែប​នេះ​៕

ប្រែសម្រួល៖ហួន ឌីណា

ads banner