នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្តែងក្តីដឹងគុណចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា (Video Inside)

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបលោក ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។

ប្រសាសន៍ថ្លែងរបស់នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ បានធ្វើឡើងនៅថ្ងៃទី២០ មេសា ឆ្នាំ២០២៣ ក្នុងពិធីបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ ក្នុងពិធីដែលមានការអញ្ជើញចូលរួមដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្តីការក្រសួងការពារជាតិ។

បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរក្នុងបណ្តាញសង្គមរបស់លោកថ្វាយព្រះមហាក្សត្រខ្មែរថា «ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអំណរ ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ស្តេចសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានដំឡើងឋានន្តរស័ក្តិ “នាយឧត្តមសេនីយ៍” ដល់ទូលព្រះបង្គំជាខ្ញុំ»។

បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរសម្តែងក្តីដឹងគុណចំពោះ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់ការទុកចិត្ត និងការគាំទ្រដល់រូបខ្ញុំ ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន»។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងឱកាសនោះថា «ការបំពាក់ឋានន្តរស័ក្តិជូននាយឧត្តមសេនីយ៍ ជូនបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានសារៈសំខាន់ដ៏ចាំបាច់ក្នុងការរៀបចំនាយទាហានសម្រាប់បន្តវេន ក្នុងវិស័យការពារជាតិ ស្របតាមផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ»។

បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន គឺជាជនជាតិខ្មែរមុនគេបង្អស់ ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតយោធា West Point ដែលជាសាលាយោធាដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក។

លោក ហ៊ុន ម៉ាណែត ក៏ជាអតីតនិស្សិតបានបញ្ចប់ ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងបានបញ្ចប់ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕

ads banner