ដំណើរការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះចាប់ផ្តើមសប្តាហ៍ក្រោយ (Video Inside)
មន្ត្រីជាន់ខ្ពស់គជប បានថ្លែងថាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតសកល នឹងចាប់ផ្តើមក្នុងសប្តាហ៍ខាងមុខនេះហើយ។
សមាជិកគណៈកម្មការបោះឆ្នោតលោក ឌឹម សុវណ្ណារ៉ុម ដែជាប្រធានក្រុមប្រតិកម្មព័ត៌មាន គជប បានប្រាប់អប្សរាណិតថាការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នឹងចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី២៤ មេសា និងមានរយៈពេល១៥ថ្ងៃ រហូតដល់ថ្ងៃទី៨ ឧសភា។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីសប្តាហ៍មុន បានជូនដំណឹងដល់គណបក្សនយោបាយ និងបេក្ខជនដែលឈរឈ្មោះតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ជាពិសេស បើសិនជាបេក្ខជនទាំងនោះកំពុងបំរើការងារក្នុងជួរមន្ត្រីរាជការស៊ីវិល, តុលាការ, កងកម្លាំងប្រដាប់អាវុធ, សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខណៈតួលេខ នៃប្រជាពលរដ្ឋមានសិទ្ធិនឹងបោះឆ្នោត ដែលត្រូវចូលរួមមានជាង ៩លាន ៧សែននាក់, រីឯការិយាល័យដែលត្រូវបម្រើដល់ការបោះឆ្នោតនៅទូទាំង ប្រទេសមានជាង ២ម៉ឺនការិយាល័យ៕