អភិបាលខេត្តកំពង់ធំ៖ វត្តអារាម នៅតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំ
កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា វត្តអារាម នៅតែដើរតួនាទីសំខាន់ក្នុងវិស័យអប់រំ។ ឯកឧត្តមអភិបាលខេត្ត ងួន រតនៈ បានថ្លែងដូច្នេះក្នុងពិធីបុណ្យសម្ភោធ សាលាពុទ្ធិកបឋមសិក្សា វត្តទេពនិម្មិត នៅក្នុងវត្តទេនិម្មិត ភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី២៦ មេសា ដោយមានការនិមន្តចូលរួមពី ព្រះមេគណខេត្ត, ព្រះវិន័យធរគណខេត្ត, ព្រះអនុគណក្រុងស្ទឹងសែន ជាព្រះចៅអធិការវត្តទេពនិមិត្ត (ហៅវត្តធម្មយុទ្ធ) ចាស់ព្រឹទ្ឋាចារ្យ តាជី យាយជី ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-01-52-1024x683.jpg)
ឯកឧត្តម ងួន រតនៈ បានលើកឡើងថា ជាការពិតណាស់ វត្តអារាម គឺជាទីស្នាក់អាស្រ័យ និងសិក្សារៀនសូត្ររបស់កូនខ្មែរ ស្ទើរគ្រប់សម័យកាលពីបុរាណ នៅពេលដែលកូនមានអាយុ ៨ទៅ១០ឆ្នាំ មាតាបិតា តែងនាំទៅវត្ត ដើម្បីអប់រំផង និងសិក្សារៀនសូត្រវិជ្ជាផ្សេងៗផង ។ លុះមកដល់បច្ចុប្បន្ន ប្រទេសមានសុខសន្តិភាពពេញលេញ ជាពិសេស ក្រោមគោលនយោបាយបង្កៀកសាលា ឲ្យនៅជិតផ្ទះ និងគោលនយោបាយឃុំមួយ អនុវិទ្យាល័យមួយ សាលារៀន បានរីកដុះដាលពាសពេញប្រទេស ធ្វើឲ្យក្មេងភាគច្រើន ចូលសិក្សារៀនសូត្រ នៅតាមសាលាដែលនៅកៀកៗផ្ទះរបស់ខ្លួន ។
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-01-57.jpg)
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តែទោះជាយ៉ាងនេះក្តី វត្តអារាម នៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យអប់រំ ដោយវត្តខ្លះបានសាងសង់សាលាពុទ្ធិកសិក្សា សម្រាប់បង្ហាត់បង្រៀនព្រះសង្ឃផង និងបង្ហាត់បង្រៀនក្មេង ដែលគ្មានលទ្ធភាពសិក្សារៀនសូត្រ នៅសាលាខាងក្រៅផង។ ជាក់ស្តែង សាលាពុទ្ធិកបឋមសិក្សា បានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ នឹងក្លាយជាទីដ៏មានប្រយោជន៍ សម្រាប់បម្រើទាំងវិស័យ សាសនា និងវិស័យអប់រំ ក្នុងខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២០ ដល់ឆ្នាំ២០២២ សាលាពុទ្ធិកបឋមសិក្សា ១ខ្នង កំពស់២ជាន់ ទំហំបណ្តោយ២០ម៉ែត្រ និងទទឹង៨.៥ម៉ែត្រ បានកសាងដោយ ចំណាយថវិកាសរុប ៧៧.១៥០ដុល្លារអាមេរីក ៕ ដោយ ប៊ុន រដ្ឋា
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-01-59.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-01-56.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-01-54.jpg)
![](https://asset.ams.com.kh/central/media/2023/04/photo_2023-04-27_16-01-55.jpg)