ជនជាតិចិន ២នាក់ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្រ្កាបបាននៅពីរគោលដៅ និងរឹបអូសបានសារធាតុញៀន ជាង៣គីឡូក្រាម

ភំ្នពេញ ៖ កម្លាំងជំនាញ (ក.១) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ពុធ ស៊ុនរស្មី នាយករងមន្ទីរ លោកវរសេនីយ៍ទោ សេង រស្មី នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា នាយការិយាល័យរដ្ឋបាល-សរុប សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងខេត្តព្រះសីហនុ បានដំណើរការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀននៅ០២គោលដៅផ្សេងគ្នា នៅវេលាម៉ោង១៣ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន០២នាក់ និងរឹបអូសវត្ថុតាងសារធាតុញៀន ជាង៣គីឡូក្រាម ។

ប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀន ២គោលដៅផ្សេងគ្នានេះ ដោយគោលដៅទី១ នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២ នៅខុនដូស្តាបេ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ១-Wang Xiao Feng ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន, ២-He Jin Hao ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ។ វត្ថុតាងចាប់យករួមមាន ៖ ១-សារធាតុញៀន MDMA ទម្ងន់២៨៣៤ក្រាម ។ ២-សារធាតុញៀន ខេតាមីន ទម្ងន់៧៧៦ក្រាម ។ ៣-សារធាតុញៀន ម៉េតំហ្វេតាមីន ទម្ងន់ ១.៨០ក្រាម ។ ទម្ងន់សរុបចំនួន ៖ ៣គីឡូក្រាម ៦១១.៨០ក្រាម ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី ៕

ដោយ ស៊ូ ប៊ុនធី និងភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner