ខេត្តស្វាយរៀងបង្ហាញនូវស្ថានភាពព្រំដែនបច្ចុប្បន្នជាមួយវៀតណាម (Video Inside)

អភិបាលខេត្តស្វាយរៀង បានបង្ហាញនូវគម្រោងរៀបចំធ្វើផ្លូវចាក់ក្រាលកៅស៊ូ តាមខ្សែក្រវាត់ព្រំដែន ដែលកម្ពុជាទើបមានជាលើកដំបូង ក្នុងសម័យរាជរដ្ឋាភិបាលបច្ចុប្បន្ន។

ខេត្តស្វាយរៀង គឺជាខេត្តដែលស្ថិតជាប់ព្រំដែនជាមួយខេត្តតៃនិញ និងខេត្តឡុងអាន នៃប្រទេសវៀតណាម។ ព្រំដែន នៃខេត្តទាំង ២ នៅតាមកន្លែងខ្លះ មិនទាន់បានរៀបចំត្រឹមត្រូវនៅឡើយទេ ប៉ុន្តែកន្លែងខ្លះ ដែលមានការបោះបង្គោលព្រំដែនរួចហើយ ត្រូវបានភាគីកម្ពុជារៀបចំធ្វើផ្លូវយ៉ាងស្អាត ដើម្បីរក្សាទុកជាតំបន់នៃខ្សែក្រវាត់ព្រំដែន។

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល ថ្លែងក្នុងសន្និសីទកាសែតថ្ងៃទី២៧ មេសា ឆ្នាំ២០២៣ បានបញ្ជាក់ជុំវិញស្ថានភាពព្រំដែន រវាងខេត្តស្វាយរៀង និងខេត្តវៀតណាមដែលជាប់ព្រំដែន។

កម្ពុជានិងវៀតណាម គឺជាប្រទេសដែលមានព្រំ ដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់ ២៧០គីឡូម៉ែត្រ។ កម្ពុជានិងវៀតណាមរហូតមកទល់ពេលនេះ បានសម្រេចការបោះបង្គោលព្រំដែនគោករួមគ្នា បានប្រមាណ ៨៤ភាគរយនៃកិច្ចការងារខណ្ឌសីមា។

អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានថ្លែងបញ្ជាក់ជុំវិញកិច្ចការរៀបចំផ្លូវខ្សែក្រវាត់ តាមបណ្តោយព្រំដែនក្នុងខេត្តស្វាយរៀង។

ខេត្តស្វាយរៀងនាពេលខាងមុខនេះ នឹងត្រៀមរៀបចំកសាងផ្លូវល្បឿនលឿនមួយ ដែលឆ្លងកាត់គឺផ្លូវភ្នំពេញបាវិត ដែលគ្រោងនឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៣នេះ។ ផ្លូវល្បឿនលឿនភ្នំពេញបាវិតនេះ នឹងគ្រោងចំណាយ១ពាន់ ៦៣៨លានដុល្លារ ដែលរំពឹងថាក្រោយផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ សាងសង់រួចរាល់ ផ្លូវនោះនឹងជួយជាប្រយោជន៍សំខាន់ បំរើវិស័យសេដ្ឋកិច្ច ដល់ខេត្តស្វាយរៀង ដែលបច្ចុប្បន្នទើបតែមានប្រជាជនសរុបជាង ៦៧ម៉ឺននាក់តែប៉ុណ្ណោះ។

ads banner