ចាប់ខ្លួនមនុស្ស១២នាក់ និងយានយន្ត២០គ្រឿង ពាក់ព័ន្ធការបង្ក្រាបបទល្មើសព្រៃឈើនៅក្រចេះ (Video Inside)
មនុស្ស១២នាក់, រថយន្តសណ្តោង៧គ្រឿង និងគោយន្តកន្រ្តៃចំនួន១៣គ្រឿង ត្រូវបានឃាត់ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ។
ការបង្ក្រាបនេះ បានធ្វើឡើងក្រោយការបញ្ជូនកម្លាំងកងរាជអាវុធហត្ថ ចំនួន១៥០នាក់ ដែលបានចុះធ្វើសកម្មភាពបង្ក្រាបនូវបទល្មើសអនាធិបតេយ្យកាប់ និងដឹកជញ្ជូនព្រៃឈើ ក្នុងទីកន្លែងហាមឃាត់ ដែលស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះ។
បទល្មើសព្រៃឈើនេះ ត្រូវគេសង្ស័យថា បានជាប់ទាក់ទងនឹងក្រុមហ៊ុនស៊ីងបាយអូថិច ខូអិលធីឌី Think Biotech Co., Ltd។ បទបញ្ជាដាក់ចេញដោយនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថជាតិលើផ្ទៃប្រទេស បានបញ្ជាឱ្យប្រើប្រាស់អាវុធថែមទៀត បើសិនជាក្រុមប្រព្រឹត្តបទល្មើសព្រៃឈើ ហ៊ានប្រើអាវុធតដៃជាមួយនឹងសមត្ថកិច្ច។
សេចក្តីប្រកាសព័ត៌មានរបស់សមត្ថកិច្ចបង្ក្រាបនៅថ្ងៃទី២៧ មេសានេះ បានបញ្ជាក់ថាសមត្ថកិច្ចបានរឹបអូសឈើប្រភេទលេខ១សរុប ៧៣ក្បៀស ៦៧២ម៉ែត្រគូប និងឈើហ៊ុបមូលចំនួន ៤រថយន្ត និងសម្ភារៈច្រើនដទៃទៀត។
បទល្មើសព្រៃឈើនេះ បានធ្វើឡើងក្នុងពេលដែលកម្ពុជា កំពុងតែរវល់នឹងការចាត់កម្លាំងថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងស្ថិតនៅមុនការរៀបចំបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០២៣។