ប៉ូលិសថៃចាប់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីឃាតកម្មដាក់ថ្នាំបំពុលសម្លាប់មនុស្ស ១៣ នាក់
ថៃ៖ ក្រុមប៉ូលិសថៃកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួននឹងបើកការស៊ើបអង្កេតឱ្យកាន់តែខ្លាំងទៅលើជនសង្ស័យស្រី្តម្នាក់ដែលបានពាក់ព័ន្ធក្នុងករណីសម្លាប់មិត្តភក្តិនិងអ្នកស្គាល់គ្នាចំនួន ១៣ នាក់ ដោយការដាក់ថ្នាំបំពុលសារធាតុម្យ៉ាងហៅថា(cyanide) ចូលទៅក្នុងចំណីអាហាររបស់ពួកគេ។
យោងតាមការស៊ើបអង្កេតរបស់ប៉ូលិសថៃបានឱ្យដឹងថាជនសង្ស័យឈ្មោះ Sararat Rangsiwuthaporn ត្រូវជាភរិយារបស់ប៉ូលិសជាន់ខ្ពស់ម្នាក់ ហើយហេតុផលនៅពីក្រោយការសម្លាប់នេះប៉ូលិសជឿថាដោយសារនាងកំពុងជួបប្រទះបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ នាងក៏ត្រូវបានគេសង្ស័យពីការជាប់ពាក់ព័ន្ធករណីឃាតកម្មដាក់ថ្នាំបំពុលចំនួនប្រាំបួននាក់ ដែលបានកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំនេះផងដែរ។
អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា ការស្លាប់ដ៏គួរឱ្យសង្ស័យចំនួន ១៣ នេះកើតឡើងចាត់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងបាងកកថា ៖« នាងត្រូវបានគេសង្ស័យពីការជាប់ពាក់ព័ន្ធក្នុងរឿងឃាតកម្មនេះ» ។
ក្រុមគ្រួសាររបស់ជនរងគ្រោះបានដាក់ការសង្ស័យទៅលើ Sararat ក្រោយការស្លាប់របស់កូនស្រីខ្លួននៅក្នុងដំណើរកម្សាន្តជុំមិត្តភក្តិ កាលពីដើមខែនេះ ។ ដោយក្នុងនោះផងដែរ ប៉ូលិសបានរកឃើញសារធាតុញៀនម្យ៉ាងហៅថា (cyanide) នៅក្នុងផ្ទះរបស់នាង ដែលត្រូវបានប្រើប្រាស់នៅក្នុងភេសជ្ជៈរបស់ជនរងគ្រោះ ។
នាង Sararat បានធ្វើការបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ ហើយប៉ូលិសថៃវិញក៏បានបដិសេធដូចគ្នាដោយមិនឱ្យមានការធានាដោះលែងខ្លួននាងឡើយ។
សូមបញ្ជាក់ឱ្យដឹងផងដែរថា កាលពីពីរសប្តាហ៍មុន មានករណីដួលស្លាប់ដោយសារការបំពុលពីសារធាតុ (cyanide) ស្ថិតលើច្រាំងទន្លេ Mae Klong ក្នុងពិធីបុណ្យព្រះពុទ្ធសាសនា នៅភាគខាងលិចខេត្តRatchaburiដែលជនរងគ្រោះត្រូវជាមិត្តភក្តិរបស់ជនសង្ស័យ។
ក្រុមប៉ូលិសថៃ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាក់ទងទៅសមត្ថកិច្ចភ្លាមៗ ប្រសិនបើគេជួបប្រទះករណីបំពុល ឬដឹងព័ត៌មានណាមួយអំពីជនសង្ស័យ៕ ប្រែសម្រួលដោយ៖ ឡេង អារីតា