នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត សម្ពោធសមិទ្ធផលក្នុងតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ (Video Inside)

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសមោ្ពធសមិទ្ធផលនានា របស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២ កងទ័ពជើងគោក ក្នុងខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣។

សមិទ្ធផលដែលសម្ពោធទាំងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ និងកងឯកភាពចំណុះ។

សមិទ្ធទាំងនោះរួមមាន អគារស្នាក់នៅ ១ ខ្នង កម្ពស់ ២ ជាន់, អគាររោងបាយ ០១ ខ្នង, ឃ្លាំងកងវរសេនាតូចលេខ ១ និងអគារទីបញ្ជាការកងអនុសេនាធំមេមត់ ១ ខ្នង ព្រមទាំងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងសាកសួរទុក្ខកងកម្លាំង និងបញ្ជាក់ថា សម្តេចទាំងទ្វេ ជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ និងសុខុមាលភាពរបស់យោធិន និងក្រុមគ្រួសារយោធិន តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែក ស្មារតី, ថវិកា និងសម្ភារៈ ក៏ដូចជាការដោះស្រាយរាល់ការលំបាកផ្សេងៗ នៅតាមគ្រប់បណ្តាស្ថាប័ន-កងឯកភាពកងទ័ព នៅទូទាំងប្រទេស។

នាយឧត្តមសេនីយ៍ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់តំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ ក្នុងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ជាពិសេសការកសាងអភិវឌ្ឍសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាជាច្រើន រហូតអង្គភាពមានការរីកចម្រើនប្រែមុខប្រែមាត់ជាលំដាប់ ក្នុងរយៈពេលប្រមាណ 0៩ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតក្នុងឆ្នាំ២០១៤មក បន្ទាប់ពីការបំបែកចេញពីតំបន់ប្រតិបត្តិការសឹករងកំពង់ចាម។

ads banner