ចិនបង្ហាញការព្រួយបារម្ភ ក្រោយមានរបាយការណ៍ថា សហរដ្ឋអាមេរិក-តៃវ៉ាន់នឹងផលិតយន្តហោះដ្រូនរួមគ្នា

ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិនបានលើកឡើងថា ទីក្រុងប៉េកាំងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះផែនការដែលបានរាយការណ៍ដោយសហរដ្ឋអាមេរិក និងតៃវ៉ាន់ ក្នុងការរួមគ្នាផលិតយានជំនិះគ្មានមនុស្សបើក និងគ្រាប់រំសេវ។

កាលពីថ្ងៃទី១១ ខែមេសាកន្លងទៅ កាសែតជប៉ុន Nikkei បានចេញផ្សាយថា ក្រុមជំនាញផ្នែកការពារជាតិអាមេរិកជាង២០នាក់ គ្រោងនឹងបញ្ជូនអ្នកតំណាងរបស់ពួកគេទៅកាន់កោះតៃវ៉ាន់ នាដើមខែឧសភាខាងមុខនេះ ដើម្បីពិភាក្សាអំពីការផលិតយន្តហោះដ្រូន UAVs និងគ្រាប់រំសេវរួមគ្នា។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោកវរសេនីយ៍ឯក ថាន់ ខឺហ្វី បាននិយាយយ៉ាងដូច្នេះថា យើងបានកត់សម្គាល់របាយការណ៍ដែលពាក់ព័ន្ធ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាទាំងនោះ។

បញ្ហាតៃវ៉ាន់នៅតែជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទាំងស្រុង ហើយចិននឹងមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ។ លោក ថាន់ ខឺហ្វី បានសង្កត់ធ្ងន់ថា វិស័យការពារជាតិអាមេរិកតែងតែស្វែងរកការនាំចេញសព្វាវុធ ឬការបង្ក “សង្រ្គាម” ជុំវិញពិភពលោក ដើម្បីទទួលបានប្រាក់ចំណេញដ៏ច្រើន។

អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បានបញ្ជាក់ទៀតថា ខ្ញុំត្រូវតែសង្កត់ធ្ងន់ថា គ្មានអ្នកណាម្នាក់ និងគ្មានអ្វីអាចបំផ្លាញការប្តេជ្ញាចិត្តរបស់ពួកយើង ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ប្រទេសចិននោះឡើយ៕ ប្រភព៖ Tass ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner