ការនាំចេញប្រេងរុស្ស៊ីនៅតែកើនឡើង បើទោះបីជាប់ទណ្ឌកម្ម

មូស្គូ៖ ប្រទេសរុស្ស៊ីកំពុងកត់ត្រាអត្រានាំចេញផលិតផលប្រេងតាមរដូវកាលខ្ពស់បំផុតរបស់ខ្លួននារយៈពេល៧ឆ្នាំ បើទោះបីជាជាប់ទណ្ឌកម្មប្រេងរបស់លោកខាងលិច ដែលចូលជាធរមានកាលពីខែកុម្ភៈក៏ដោយ។ នេះបើតាមសារព័ត៌មាន Bloomberg ដកស្រង់ទិន្នន័យតាមដានកប៉ាល់ដឹកប្រេងពីក្រុមហ៊ុន Vortexa។

យោងតាមរបាយការណ៍បានបង្ហាញថា ការនាំចេញផលិតផលប្រេងឥន្ធនៈស្អាត រួមទាំងប្រេងឥន្ធនៈប្រភេទម៉ាស៊ូត មានចំនួន១.៩លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងអំឡុងពេលបីសប្តាហ៍ដំបូងនៃខែមេសា ឆ្នាំ២០២៣នេះ។ ទិន្នន័យថ្មីនេះ ត្រូវបានបង្ហាញឱ្យដឹងបន្ទាប់ពីការកើនឡើងការនាំចេញដ៏ខ្ពស់នារយៈពេលជាច្រើនឆ្នាំកន្លងមក ដោយគិតត្រឹមខែមីនាឆ្នាំនេះ ការនាំចេញប្រេងរបស់រុស្ស៊ីមានកម្រិតខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០១៦។

ការនាំចេញឥន្ធនៈប្រភេទប្រេងម៉ាស៊ូតរបស់រុស្ស៊ី បានជាប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលចូលជាធរមាននៅដើមខែកុម្ភៈ រួមជាមួយនឹងការកំណត់តម្លៃដោយក្រុមប្រទេស G7។ ជាការឆ្លើយតប រុស្ស៊ីបានប្រកាសថា ខ្លួននឹងកាត់បន្ថយទិន្នផលប្រេង៥០០,០០០បារ៉ែលក្នុងមួយថ្ងៃ នៅចន្លោះខែមីនា និងខែធ្នូកន្លងទៅ។ ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ តែទិន្នន័យបានបង្ហាញថា រុស្ស៊ីបានផ្លាស់ប្តូរទិសដៅនៃការដឹកជញ្ជូនប្រេងឥន្ធនៈរបស់ខ្លួនដោយជោគជ័យ។

ជាក់ស្តែងនៅខែមេសានេះ ផលិតផលប្រេងរបស់ប្រទេសរុស្ស៊ីភាគច្រើន ត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសតួកគី ក៏ដូចជាបណ្តាប្រទេសនៅអាហ្វ្រិកខាងជើង រួមមាន ម៉ារ៉ុក ទុយនេស៊ី និងលីប៊ី។ បន្ថែមលើនេះ រុស្ស៊ីក៏បានជំរុញការនាំចេញទៅកាន់បណ្តាប្រទេសនៅអាមេរិកខាងត្បូង ជាពិសេសប្រេស៊ីលផងដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner