ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយនិយោជិក កម្មករកម្មការិនី និងបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលទិវាពលកម្មអន្តរជាតិ ០១ ឧសភា និងបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិក នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតបកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
ថ្ងៃទី១ឧសភា គឺជាថ្ងៃនៃទិវាពលកម្មអន្តរជាតិ ដែលជាទិវាប្រវត្តិសាស្រ្តរបស់ពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជាក៏បានកំណត់ និងប្រារព្ធទិវាពលកម្មអន្តរជាតិនេះជារៀងរាល់ឆ្នាំផងដែរ ចាប់តាំងពីកម្ពុជាបានរស់រានឡើងវិញពីរបបប្រល័យពូជសាសន៍ក្រោយថ្ងៃរំដោះ ៧-មករា-១៩៧៩។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលតែងតែគិតគូរក្នុងការបន្តលើកកម្ពស់ការការពារសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្ដល់អត្ថប្រយោជន៍នានា និងកិច្ចគាំពារសង្គម ជូនបងប្អូនកម្មករនិយោជិត ស្របតាមគោលនយោបាយ ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។ ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកម្មករ និយោជិត និងអង្គការសហជីពទាំងអស់ដែលមានវត្តមាននៅកម្ពុជា។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ពីគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីនេះ មានដូចជា៖ ចំណតផែច្រាំងទំនិញទូទៅមានប្រវែង ២៥៣ម៉ែត្រ នឹងត្រូវសាងសង់កែ សម្រួលជាចំណតផែថ្មី ដោយនឹងបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC (០២គ្រឿង) និងគ្រឿងចក្រ លើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG (០៦គ្រឿង) ដែលនឹងជួយបង្កើន សមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០,០០០TEUs/១ឆ្នាំ)។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ ហើយគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤។
ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤.៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០,០០០DWT (ឬស្មើនឹង ៤,០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ ផែ បន្ថែមប្រមាណ ៤៥០,០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦.៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០,០០០DWT (ឬស្មើនឹង ១០,០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០,០០០TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេល សាងសង់ចំនួន ៣៦ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧.៥ម៉ែត្រ មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០,០០០DWT (ឬស្មើនឹង ១៥,០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧,០០០ TEUs/១ឆ្នាំ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា គម្រោងកែសម្រួលចំណតផែកុងតឺន័រពីផែច្រាំងទំនិញទូទៅ និងគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន TOA Corporation និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនNippon Koei & Original Consultant Global JV។
ចំពោះចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ គឺកំពុងស្ថិតនៅក្នុងដំណើរការនៃនីតិវិធីលទ្ធកម្មជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស។ គម្រោងទាំងនេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក, ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក ដោយត្រូវបានបែងចែកសម្រាប់គម្រោងសាងសង់រួមមាន៖ ចំណតផែច្រាំងទំនិញទូទៅ ចំណាយថវិកាប្រមាណ ៣២លានដុល្លារអាមេរិក, ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ចំណាយថវិកាប្រមាណ ២៤៣លានដុល្លារអាមេរិក, និងចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ និងជំហានទី៣ ចំណាយថវិកាប្រមាណ ៦៩៨លានដុល្លារអាមេរិក។
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច (EIRR) ប្រមាណ ២៣.៣ភាគរយ និងផលប្រយោជន៍ហិរញ្ញវត្ថុ (FIRR) ប្រមាណ ៧.៧% ផងដែរ ៕ ដោយ វណ្ណលុក