មេបញ្ជាការសឹករងកំពង់ធំ ណែនាំយោធិនទាំងអស់ ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ

កំពង់ធំ៖ ក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងពិភពលោក តំបន់ និងក្នុងប្រទេស នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣  ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់យោធិន ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ស្របតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមភូមិន្ទ ជាមួយនោះដែរ ត្រូវចិត្តដាក់ពង្រឹងការងារអប់រំចិត្តសាស្ត្រ ពង្រឹងឆន្ទៈមនសិការស្នេហាជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានជម្រាបជូនពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជា ស្តីពីការរៀបចំពិធីប្រកួតកីឡាអាសុីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គែមលើកទី១២ ដែលក្នុងឱកាសនេះ កម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាប្រវត្តិសាស្ត្រ ដែលយើងមិនលក់សំបុត្រសម្រាប់ចូលទស្សនា។ ព្រមជាមួយនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនយកថវិកាពីបណ្តាប្រទសដែលត្រូវបញ្ជូនកីឡានិងប្រតិភូកីឡាមកប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ាននិងកីឡាអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ។

បន្ទាប់មកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានប្រគល់ភារកិច្ជូនសំខាន់ៗមួយចំនួនដល់កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានជាអាទិ ៖

ទី១-ត្រូវយកចិត្តទុកដាក់ក្នុងការសហការជាមួយកងកម្លាំងពាក់ព័ន្ឋការពារសន្តិសុខសុវត្ថិភាពក្នុងការដង្ហែក្បូនព្រះអគ្គីជ័យកីឡាឆ្លងកាត់ខេត្តកំពង់ធំ និងចូលរួមសហប្រតិបត្តិការក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍នេះផងដែរ ។ 

ទី២-ត្រូវយកចិត្តទុកដាក់ក្មុងកិច្ចសហប្រត្តិបតិការការពារសន្តិសុខសុវត្ថិភាព ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តិទៅនៅខេត្តកំពង់ធំ នាពេលដ៏ខ្លីខាងមុខ ។

ទី៣-ត្រូវពង្រឹង និងអនុវត្តឲ្យបានត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ស្របតាមលក្ខន្តិកៈនិងបទវិន័យទូទៅរបស់កងយោធពលខេមភូមិន្ទ ជាមួយនោះដែរ ត្រូវចិត្តដាក់ពង្រឹងការងារអប់រំចិត្តសាស្ត្រ ពង្រឹងឆន្ទៈមនសិការស្នេហាជាតិ ជូនយោធិនគ្រប់រូប និងត្រូវប្តេជ្ញាចិត្តដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ព្រមទាំងថែរក្សា ការពារឲ្យបានដាច់ខាតនូវសុខ សន្តិភាព ដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សយូរអង្វែងជារៀងរហូត ៕ ដោយ ប៊ុន រដ្ឋា

ads banner