លោក បៃដិន និងប្រធានាធិបតីហ្វីលីពីន ពិភាក្សាគ្នាអំពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង

វ៉ាស៊ីនតោន៖ ឆ្លើយតបទៅនឹងការពង្រីកឥទ្ធិពលរបស់ប្រទេសចិន ទៅក្នុងផ្លូវពាណិជ្ជកម្ម និងកោះយុទ្ធសាស្ត្រនៃសមុទ្រចិនខាងត្បូងនោះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី០១ ខែឧសភា បានជួបពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស នៅឯសេតវិមាន។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស កំពុងបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋកាលពីសប្តាហ៍មុន ទៅកាន់ទីក្រុងវ៉ាស៊ីនតោនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល និងកិច្ចប្រជុំនៅសេតវិមានក្នុងខែមករា រវាងលោក បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា។

ដោយឡែកនៅក្នុងជំនួបជាមួយលោក ម៉ាកូស នៅឯការិយាល័យរាងពងក្រពើ លោក បៃដិន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដែលរឹងមាំដូចដែកថែបរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសហ្វីលីពីន។ ជាការឆ្លើយតប លោក ម៉ាកូស បាននិយាយថា ហ្វីលីពីនបានរកឃើញថា ខ្លួនស្ថិតនៅក្នុងតំបន់មួយដែលមានស្ថានភាពភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។

លោក ម៉ាកូស បានបញ្ជាក់យ៉ាងដូច្នេះថា ហ្វីលីពីនកំពុងសម្លឹងមើលទៅដៃគូសន្ធិសញ្ញារបស់ខ្លួននៅក្នុងពិភពលោក ដើម្បីពង្រឹងទំនាក់ទំនងដែលយើងមានស្រាប់ និងតួនាទីដែលយើងដើរតួ ក្នុងការប្រឈមមុខនឹងភាពតានតឹងដែលកំពុងកើនឡើង ដែលយើងឃើញនៅពេលនេះ នៅជុំវិញតំបន់សមុទ្រចិនខាងត្បូង និងអាស៊ីប៉ាស៊ីហ្វិក។

សូមរម្លឹកថា កាលពីខែមុន ហ្វីលីពីនបានផ្តល់មូលដ្ឋានយោធាចំនួន៤ទៀត បន្ថែមពីលើទីតាំងដែលមានស្រាប់ចំនួន៥ ដើម្បីអនុញ្ញាតឱ្យកងកម្លាំងអាមេរិកមានសិទ្ធិប្រើប្រាស់ រួមទាំងទីតាំងមួយនៅជិតប្រជុំកោះស្ព្រេតលី ដែលមានវិវាទនៅសមុទ្រចិនខាងត្បូង។

សម្ព័ន្ធមិត្តទាំងពីរ (អាមេរិក-ហ្វីលីពីន) ក៏បានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះផងដែរ ដែលប្រការនោះបានបង្កការព្រួយបារម្ភដល់ប្រទេសចិន ដែលបានចោទសហរដ្ឋអាមេរិកថា បានព្យាយាមជំរុញឲ្យមានជម្លោះរវាងប្រទេសចិន និងហ្វីលីពីន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner