វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជានឹងសិក្សាបន្ថែមលើពូជស្រូវ កាឡានាម៉ាក់ បើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI)នឹងសិក្សាបន្ថែមលើពូជស្រូវកាឡានាម៉ាក់( Kalanamak) បើសិនជាមានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្រាវជ្រាវលើពូជស្រូវមួយប្រភេទ ដើម្បីឱ្យកសិករសាកល្បងដាំដុះ ខណៈដែលកម្ពុជាមានពូជស្រូវដែលផលិតបានខ្លួនឯងរាប់ពាន់ពូជ។

លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បានប្រាប់ឱ្យដឹងនៅថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣ថា ពូជស្រូវដែលមានដាំដុះនៅកម្ពុជាមានរាប់ពាន់ពូជ ដោយក្នុងនោះពូជស្រូវដែលខាងវិទ្យាស្ថានបានប្រមូលមកទុក និងសិក្សាស្រាវជ្រាវមានជាង២ពាន់ពូជ ខណៈដែលពូជមានការពេញនិយមក្នុងការដាំដុះមានជាង១ពាន់ពូជ។

លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ៖ «ពូជស្រូវ កាឡានាម៉ាក់ យើងមិនធ្លាប់មានទេនៅកម្ពុជា។ បើសិនជាមានការប្រគល់មកក្រសួងកសិកម្ម ខាងខ្ញុំប្រហែលនឹងធ្វើតេស្តសាកល្បងមើល បន្ទាប់មកវិញយើងនឹងធ្វើការណែនាំដល់កសិករវិញថា ពូជនេះអាចដាំដុះនៅតំបន់ណា លើប្រភេទដីយ៉ាងដូចម្តេច។ប៉ុន្តែបច្ចុប្បន្នយើងមិនទាន់ការធ្វើតេស្តសាកល្បងលើពូជប្រភេទនេះនៅឡើយទេ»។

លោក ឡោ ប៊ុណ្ណា បានឱ្យដឹងទៀតថា តាំងពីឆ្នាំ១៩៩០មករហូតដល់ពេល ខាងវិទ្យាស្ថានបានបញ្ចេញពូជស្រូវប្រមាណ ៤៦ ពូជហើយ ដោយពូជស្រូវដែលកសិករដាំដុះរាល់ថ្ងៃនេះ គឺចែកពូជស្រូវទៅតាមក្សេត្របរិស្ថានខុសៗគ្នា ទៅតាមតំបន់ដែលមានទឹកតិច ឬទឹកច្រើន។ នៅក្នុងនោះពូជ ដែលបានដាក់នៅក្នុងគោលនយោបាយសម្រាប់ជំរុញការនាំចេញអង្ករមានចំនួនជាង១០ពូជ ដើម្បីចែកទៅតាមក្សេត្របរិស្ថាន រួមមាន ពូជស្រូវស្រាលចំនួនបីពូជ ពូជស្រូវកណ្តាលចំនួនប្រាំមួយពូជ និងពូជស្រូវធ្ងន់ចំនួនបួនពូជ។

«ពូជដែលពេញនិយមជាងគេមាន ពូជសែនក្រអូប០១ និងពូជផ្ការំដួលដោយពូជទាំងពីរនេះ មានប្រជាប្រិយភាពខ្លាំងណាស់ ដោយសារកេរ្តិ៍ឈ្មោះល្បីល្បាញជាប់ជាអង្ករល្អដាច់គេប្រាំឆ្នាំមកហើយ។ថ្មីៗនេះ យើងទើបតែសម្ពោធពូជស្រូវថ្មីមួយទៀត ដែលមាសហការគាំទ្រពីអូស្រ្តាលី គឺពូជស្រូវចំប៉ីស៧០ ដោយពូជស្រូវមួយនេះ ពិតជាមានគុណប្រយោជន៍ខ្លាំងណាស់សម្រាប់កសិករ និងពាណិជ្ជករ»។ លោក ឡោ ប៊ុណ្ណា បញ្ជាក់ ដោយបន្តថា ៖ «វាអាចជួយកសិករក្នុងការកាត់បន្ថយការចំណាយ និងកម្លាំងក្នុងការថែទាំស្រែរបស់ពួកគេ ដោយសារតែវាជាប្រភេទពូជស្រូវមិនប្រកាន់រដូវ ពាណិជ្ជករអាចទិញស្រូវចំប៉ីស៧០ បានពេញមួយឆ្នាំតែម្តង»។

ជាមួយគ្នានេះដែរ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានប្រាប់ឱ្យដឹងដែរថា ទាក់ទងពូជស្រូវ Kalanamak ដែលនេប៉ាល់គ្រោងនឹងជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺជាការល្អដែលអាចឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកសិកម្មកម្ពុជា(CARDI) យកទៅធ្វើការសិក្សាស្រាវជ្រាវបន្ថែមបាន ព្រោះលោកយល់ថា ពូជប្រភេទនេះ ប្រហែលធ្លាប់មាននៅស្រុកខ្មែររាប់រយពាន់ឆ្នាំមកហើយដែរ។

លោកបានបន្ថែមថា សព្វថ្ងៃ កម្ពុជាបានប្រើប្រាស់ពូជមួយចំនួនសម្រាប់ការផលិតចេញជាអង្ករសម្រាប់នាំចេញរួមមានដូចជា ពពួកស្រូវធ្ងន់ ដែលជាអង្ករល្អប្រណីតគឺភាគច្រើនផ្ការំដួល និងមួយចំនួនខ្លះទៀតសុម៉ាលី។ ដោយឡែកសម្រាប់អង្ករក្រអូបធម្មតា ភាគច្រើននាំចេញគឺសែនក្រអូប និងប្រភេទស្រូវធម្មតា រួមមាន ស្រូវ អូអ៊ឹម(OM) ៥៤,អូអ៊ឹម(OM) ៥១ ,អូអ៊ឹម(OM) ៥០៤, អ៊ីអ៊ែរ(IR) ៨៥ ជាដើម។

សូមជម្រាបថា យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន myRepublica (ម៉ាយ រីពូប្លីកា) របស់ប្រទេសនេប៉ាល់ កាលពីថ្ងៃទី២៩ ខែមេសា បានឱ្យដឹងថា ពូជស្រូវកាឡានាម៉ាក់ដែលគេជឿថាបានដាំតាំងពីសម័យពុទ្ធកាលមកនោះ នឹងត្រូវដឹកពីខេត្តលុមប៊ីនី (Lumbini) ប្រទេសនេប៉ាល់ មកកាន់ប្រទេសកម្ពុជា ធ្វើជាអំណោយផងដែរ។

សារព័ត៌មានដដែលបានបន្តថា ក្នុងឱកាសនៃពិធីបុណ្យ «បុណ្យវិសាខបូជា» លើកទី២៥៦៧ អនុប្រធានមូលនិធិអភិវឌ្ឍន៍ Lumbini ភិក្ខុ Metteyya (Bhikshu Metteyya) នឹងប្រគេនពូជស្រូវកាឡានាម៉ាក់ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។

យោងទៅតាមរឿងព្រេងត្រូវបានគេដំណើរនិទានថា ព្រះពុទ្ធព្រះអង្គទ្រង់សព្វព្រះរាជហរទ័យសោយអង្ករកាឡានាម៉ាក់នេះ នៅពេលដែលព្រះអង្គទ្រង់នៅលើផែនដី។ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រោសប្រទានពរដល់កសិករ ដែលបានគោរពបម្រើព្រះអង្គក្នុងដំណើរមួយរបស់ព្រះអង្គ បន្ទាប់ពីព្រះអង្គទ្រង់បានត្រាស់ដឹង។

ព័ត៌មាន myRepublica (ម៉ាយ រីពូប្លីកា) បានបញ្ជាក់ថា ៖ «ពូជស្រូវ កាឡានាម៉ាក់ របស់ប្រទេសនេប៉ាល់ ដែលគេជឿថា ត្រូវបានដាំដុះតាំងពីសម័យពុទ្ធកាលមកនោះ នឹងត្រូវបានជូនជាអំណោយមកកាន់ប្រទេសកម្ពុជា តាមការស្នើសុំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីអភិរក្សពូជស្រូវនេះ ដោយសារពូជស្រូវនេះមានសារៈសំខាន់ ទាក់ទងនឹងសម័យពុទ្ធកាល»។

ពូជស្រូវ កាឡានាម៉ាក់នេះ គឺត្រូវបានគេដាំនៅតំបន់ជនបទនៃក្រុងកាពីឡាវ៉ាសៈទូ ( Kapilavastu )និងក្រុងលុម្ពីនី នៃប្រទេសនេប៉ាល់ អស់រយៈពេលជាង ៥០០០ ឆ្នាំមកហើយ ដែលជាប្រភេទអង្ករបុរាណ និងពិសិដ្ឋ។ អង្ករនេះគឺមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងព្រះពុទ្ធសាសនា ហើយត្រូវបានចាត់ទុកថាជាអាហារដ៏ពិសិដ្ឋនៅក្នុងសហគមន៍ពុទ្ធសាសនាជាច្រើន។ អង្ករកាឡានាម៉ាក់នេះត្រូវបានគេប្រើជាញឹកញាប់នៅក្នុងពិធីបុណ្យបូជាចំពោះព្រះពុទ្ធសាសនា ហើយជាទូទៅត្រូវបានប្រគេនជូនព្រះសង្ឃជាការគោរពនិងដឹងគុណ៕ ដោយ៖ វណ្ណ សុជាតា

ads banner