ធនាគារពិភពលោកដាក់ចេញគម្រោងចំណាត់ថ្នាក់របស់ប្រទេស ផ្អែកលើស្ថានភាពធុរកិច្ចក្នុងស្រុក

អន្តរជាតិ៖ ធនាគារពិភពលោកកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ បានដាក់ចេញនូវវិធីសាស្ត្រថ្មីមួយ ស្ដីពីការវាយតម្លៃស្ថានភាពធុរកិច្ចនៅក្នុងប្រទេសចំនួន ១៨០ ប្រទេស។ ការដាក់ចេញនូវវិធីសាស្ត្រថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការលាតត្រដាងពីភាពមិនប្រក្រតីនៃទិន្នន័យមួយចំនួន និងបានបង្ខំឱ្យធនាគារពិភពលោក លុបចោលលទ្ធផលនៃចំណាត់ថ្នាក់របស់ប្រទេសនីមួយៗស្ដីអំពីប្រទេសដែលកំពុងស្ថិតក្នុងស្ថានភាព «កំពុងប្រកបអាជីវកម្ម» ឬ«Doing Business” កាលពីពីរឆ្នាំមុន។

ធនាគារពិភពលោកបានរកឃើញថាមេដឹកនាំជាន់ខ្ពស់របស់ធនាគារពិភពលោកបានគាបសង្កត់បុគ្គលិកឱ្យកែប្រែទិន្នន័យដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រទេសចិន ដូច្នេះហើយ វាបាននាំឱ្យមានភាពមិនប្រក្រតីនៃទិន្នន័យ បណ្ដាលឱ្យចំណាត់ថ្នាក់នៃប្រទេសផ្សេងទៀតមានការកើនឡើង ក្នុងនោះមានដូចជា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអាស៊ែបៃហ្សង់ជាដើម។

ដោយឡែកធនាគារពិភពលោក នឹងធ្វើការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំថ្មីមួយដែលមានឈ្មោះថាប្រទេសដែលមានភាព «រួចរាល់សម្រាប់ការធ្វើអាជីវកម្ម» ឬ«Business Ready» នៅដើមឆ្នាំ២០២៤។ របាយការណ៍នេះនឹងរួមបញ្ចូលតែប្រទេសដែលមានទំហំសេដ្ឋកិច្ចធំៗចំនួន ៥៤ ប្រទេសនៅទូទាំងអាស៊ី អាមេរិកឡាទីន អឺរ៉ុប មជ្ឈិមបូព៌ា និងអនុតំបន់សាហារ៉ាអាហ្រ្វិក។

គួរដឹងដែរថា ធនាគារពិភពលោកគ្រោងនឹងដាក់បញ្ចូលប្រទេសបន្ថែមទៀតនៅរយៈពេលពីរឆ្នាំខាងមុខ ខណៈដែលខ្លួនកំពុងកែលម្អវិធីសាស្រ្តវាយតម្លៃមួយចំនួន។ គម្រោង «Business Ready» នេះមានគោលបំណងជួយដល់ប្រទេសនានា ក្នុងការទាក់ទាញការវិនិយោគ បង្កើតការងារ និងបង្កើនផលិតភាព ដើម្បីពន្លឿនការអភិវឌ្ឍន៍។

ធនាគារពិភពលោកបានលើកឡើងថា «គម្រោង “Business Ready” នឹងអាចឆ្លុះបញ្ចាំងពីវិធីសាស្រ្តមួយដែលមានតុល្យភាព និងតម្លាភាពជាងមុន ដើម្បីឆ្ពោះទៅរកការវាយតម្លៃស្ថានភាធុរកិច្ច និងការវិនិយោគរបស់ប្រទេសនីមួយៗបានល្អប្រសើរ»។

ធនាគារពិភពលោកក៏បានរួមបញ្ចូលផងដែរនូវសិទ្ធិរបស់និយោជិត ដូចដែលបានកំណត់ដោយអង្គការពលកម្មអន្តរជាតិ(ILO)។

គួរកត់សម្គាល់ថា គម្រោងនេះត្រូវបានរៀបចំឡើងក្រោមអនុសាសន៍របស់ភាគីជាច្រើនដូចជាអ្នកជំនាញធនាគារពិភពលោក រដ្ឋាភិបាល វិស័យឯកជន និងក្រុមអង្គការសង្គមស៊ីវិលជាច្រើន។ ធនាគារពិភពលោកក៏បានប្តេជ្ញាថា ខ្លួននឹងធ្វើការធានាឱ្យបាននូវភាពត្រឹមត្រូវនៃទិន្នន័យ និងវិធីសាស្រ្តដែលមានប្រសិទ្ធភាពដើម្បីសម្រេចបាននូវគោលដៅរបស់គម្រោង។

សេដ្ឋវិទូ លោក ណម៉ាន ឡូយហ្សា (Norman Loayza) បានលើកឡើងថា «បើទោះបីជាចំណាត់ថ្នាក់របស់ប្រទេស ពេលខ្លះត្រូវបានរិះគន់ដោយសារពាក់ព័ន្ធនឹងរឿងនយោបាយក៏ដោយ ក៏ពួកគេបានរួមចំណែកជួយជំរុញកំណែទម្រង់បទប្បញ្ញត្តិជាច្រើនរហូតដល់ទៅជិត ៤ពាន់កណីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ នេះបើគិតត្រឹមរយៈពេលពីរទសវត្សរ៍កន្លងមកនេះ»។

លោកបានបន្តឱ្យដឹងថា គម្រោងថ្មីនេះនឹងផ្តោតលើប្រធានបទចំនួន ១០ សំខាន់ៗ ជាពិសេសការផ្ដោតលើវដ្ដនៃក្រុមហ៊ុន រួមមានដូចជាការចុះបញ្ជីក្រុមហ៊ុន សេវាកម្មប្រើប្រាស់ កម្លាំងពលកម្ម និងការប្រកួតប្រជែងទីផ្សារជាដើម។ លោកបានមានប្រសាសន៍បន្ថែមថា «យើងត្រូវគិតគូរមិនត្រឹមតែទស្សនវិស័យរបស់សហគ្រិនឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទស្សនៈរបស់កម្មករ អ្នកប្រើប្រាស់ និងពាក់ព័ន្ធនៅក្នុងទីផ្សារផ្សេងទៀត»៕ ប្រែសម្រួល៖ ធា សុណា

ads banner